ប្រមុខការទូតកម្ពុជា-ថៃជួបគ្នានៅញូវយ៉កដើម្បីជំរុញរកដំណោះស្រាយយូរអង្វែងលើជម្លោះព្រំដែន
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃបានជួបគ្នានៅញូវយ៉ក កាលពីថ្ងៃទី២៦ ខែឧសភា ដើម្បីពិភាក្សាអំពីស្ថានភាពព្រំដែន ការកសាងទំនុកចិត្តឡើងវិញ និងការបន្តទំនាក់ទំនងជាប្រចាំ។
ខ្លឹមសារប្រភព
រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានជួបគ្នាជាមួយឯកឧត្តម សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្រ្តីការបរទេសថៃ នៅថ្ងៃទី២៦ឧសភា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយយូរអង្វែងលើជម្លោះព្រំដែន។ ជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហរកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដោយអនុវត្តតាមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងហ្វីលីពីន ដែលបានធ្វើឡើងកាលពីដើមខែឧសភា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈដោយស្មោះត្រង់ និងបើកចំហអំពីស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ឡើងវិញនូវជំហរបស់កម្ពុជា ទាក់ទងនឹងការសម្រេចផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) និងស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធិភាពដោយស្មោះត្រង់ និងដោយសុឆន្ទៈនូវសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ប្រមុខការទូតកម្ពុជា បានប្រាប់សមភាគីថៃថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នានៅកោះសេប៊ូ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ និងខិតខំស្វែងរកដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែង។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាការទាក់ទងគ្នាជិតស្និទ្ធ និងទៀងទាត់ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី និងចីរភាព ព្រមទាំងពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អរវាងកម្ពុជានិងថៃ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13483",
"languageVersionId": "7093",
"visibilityVersion": "2",
"versionToken": "a1.xE0zUerDhf-yXne_qw5epcc7fe37uwD2Ws13LRTAEz8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
