ទោះបិទព្រំដែនទាំងស្រុង! ឈ្មួញនៅតែលួចនាំចូលទំនិញពីថៃតាមច្រករបៀងក្នុងស្រុកម៉ាឡៃ សមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់
សមត្ថកិច្ចចម្រុះស្រុកម៉ាឡៃបានស្ទាក់ចាប់ទំនិញនាំចូលពីថៃតាមច្រករបៀងភូមិវត្តចាស់ យប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ សមត្ថកិច្ចរាយការណ៍ថា រឹបអូសម្សៅទឹកដោះគោ Dupro ១៩កេស និងធុងជ័រសម្រាប់ឆុងទឹកដោះគោ១កេស ព្រមទាំងឃាត់យុវជនម្នាក់ ដើម្បីបន្តនីតិវិធី។
ខ្លឹមសារប្រភព
ការបិទព្រំដែនគោកកម្ពុជា-ថៃ និងការរឹតបន្តឹងវិធានការទប់ស្កាត់បទល្មើសឆ្លងដែន មិនទាន់អាចបញ្ឈប់សកម្មភាពលួចនាំចូលទំនិញពីប្រទេសថៃបាននៅឡើយទេ។ នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឈ្មួញមួយចំនួននៅតែបន្តប្រើប្រាស់ច្រករបៀងធម្មជាតិ ដើម្បីដឹកជញ្ជូនទំនិញឆ្លងដែន ជាពិសេសនៅពេលយប់។
ជាក់ស្តែង កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងចម្រុះការពារព្រំដែនស្រុកម៉ាឡៃ បានស្ទាក់ចាប់ទំនិញដែលលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិវត្តចាស់។ ប្រតិបត្តិការនេះធ្វើឡើងមិនយូរប៉ុន្មាន បន្ទាប់ពីសមត្ថកិច្ចទើបបង្ក្រាបករណីប៉ុនប៉ងនាំចេញបារីទៅប្រទេសថៃក្នុងបរិមាណច្រើន។
តាមការបញ្ជាក់ពីសមត្ថកិច្ច ទំនិញដែលរឹបអូសបានរួមមាន ម្សៅទឹកដោះគោម៉ាក Dupro ចំនួន ១៩ កេស និងកំប៉ុងជ័រសម្រាប់ឆុងទឹកដោះគោ ១ កេស។ ជាមួយគ្នានោះ យុវជនម្នាក់ដែលដឹកជញ្ជូនទំនិញដោយម៉ូតូអូសរ៉ឺម៉កម៉ាក Wave ត្រូវបានឃាត់ខ្លួន ដោយសំណុំរឿង និងវត្ថុតាងត្រូវបានប្រគល់ជូនកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ប្រភពពីមូលដ្ឋានបានឱ្យដឹងថា បើទោះបីរាជរដ្ឋាភិបាលបានដាក់ចេញវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់បទល្មើសព្រំដែន និងមានការអំពាវនាវឱ្យកាត់បន្ថយការប្រើប្រាស់ទំនិញថៃក៏ដោយ សកម្មភាពលួចដឹកជញ្ជូនទំនិញនៅតែបន្តកើតមាន។ មូលហេតុមួយ គឺដោយសារតំបន់មួយចំនួននៅជាប់បន្ទាត់ព្រំដែន មានចម្ការ និងលំនៅឋានដែលអាចប្រើជាផ្លូវឆ្លងកាត់បានយ៉ាងងាយស្រួល ហើយពិបាកក្នុងការត្រួតពិនិត្យ ជាពិសេសនៅពេលយប់។
ប្រភពដដែលអះអាងថា ទំនិញដែលត្រូវបានលួចនាំចូលពីប្រទេសថៃ ភាគច្រើនជាទំនិញចាប់ហួយ ប្រហិត សាច់សត្វ គោ និងម៉ូតូ ខណៈទំនិញដែលលួចនាំចេញពីកម្ពុជា ភាគច្រើនជាបារី និងការលួចនាំមនុស្សឆ្លងដែន ដែលមានទាំងពលរដ្ឋខ្មែរ និងជនបរទេស។
ការបង្ក្រាបជាបន្តបន្ទាប់បង្ហាញពីការខិតខំរបស់សមត្ថកិច្ចក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន។ ទន្ទឹមនឹងនេះ ក៏ឆ្លុះបញ្ចាំងថា បណ្តាញរត់ពន្ធទំនិញនៅតាមច្រករបៀងមួយចំនួន នៅតែបន្តស្វែងរកឱកាសដំណើរការ ដែលទាមទារឱ្យមានការរឹតបន្តឹងការអនុវត្តច្បាប់ និងការត្រួតពិនិត្យឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការហូរចូលនៃទំនិញខុសច្បាប់ និងរក្សាសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែន៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13030",
"languageVersionId": "5997",
"visibilityVersion": "2",
"versionToken": "a1.aexyFbnFG1S-F6Ak_jTzJ80JyOvxxMsrbEmLWW_68Co"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
