អ្នកជំនាញកំពុងជួសជុលរចនាសម្ព័ន្ធច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរាកំពុងជួសជុលច្រាំងកសិន្ធុខាងលិចអង្គរវត្ត ផ្នែកខាងក្នុងខាងជើងស្ពានហាលប្រវែង២០ម៉ែត្រ។ បុរាណវិទូពន្យល់ថា អាយុកាលថ្មនិងប្រព័ន្ធបង្ហូរទឹកខូច បណ្ដាលឱ្យច្រាំងដួលរលំ ហើយការជួសជុលប្រើបច្ចេកទេសបុរាណ រួមមានរៀបគ្រឹះ បង្ហាប់ដីឥដ្ឋ និងរៀបថ្មបាយក្រៀមនិងថ្មភក់។
ខ្លឹមសារប្រភព
នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរចនាសម្ព័ន្ធច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្ត ផ្នែកខាងក្នុងខាងជើងស្ពានហាលប្រវែង២០ម៉ែត្រ ដែលកន្លងមកទីតាំងនេះមានការដួលរលំ ដោយសារធម្មជាតិ និងអាយុកាលនៃថ្ម។
បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព បានឱ្យដឹងថា ការងារជួសជុលច្រាំងកសិន្ធុនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងឃើញពីការដួលរលំ ក៏ដូចជាដើម្បីលើកតម្លៃនៃកសិន្ធុនេះឡើងវិញ ដ្បិតថាវាមានភាពទាក់ទាញមួយផ្នែកសម្រាប់ភ្ញៀវទេសចរ ដែលនិយមឈរថតផ្តិតយករូបភាពប្រាសាទអង្គរវត្តពីច្រាំងកសិន្ធុខាងក្រៅមក។
លោកបុរាណវិទូ បានពន្យល់ថា ទីតាំងនេះធ្លាប់បានជួសជុលរួចម្តងហើយនៅអំឡុងឆ្នាំ ១៩៨៦ ដល់១៩៩៣ ដោយស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា( Archaeological Survey of India) ដែលមានប្រវែងពីស្ពានហាលសរុប ១៤០ម៉ែត្រ។ ប៉ុន្តែដោយសារប្រព័ន្ធបង្ហូរទឹកបានរងនូវការខូចខាតដែលមិនអាចដោះទឹកភ្លៀងបានទាន់ពេលវេលា បណ្តាលឱ្យមានការហូរច្រោះដីចេញពីផ្នែកខាងក្រោមរចនាសម្ព័ន្ធច្រាំងកសិន្ធុ និងធ្វើឱ្យដួលរលំ នៅផ្នែកខាងចុង ប្រហែល៨ម៉ែត្រ។
អាជ្ញាធរជាតិអប្សរាបានលើកគម្រោងជួសជុលបន្តពីកន្លែងដែលដួលចំនួន២០ម៉ែត្រ ដែលការជួសជុលនេះ គោរពទៅតាមបច្ចេកទេស និងបទពិសោធន៍ដែលធ្លាប់បានអនុវត្ត ក្នុងគម្រោង ជួសជុលច្រាំងកសិន្ធុប៉ែកខាងក្រៅរួចហើយ។ ការជួសជុលគោរពទៅតាមបច្ចេកទេសបុរាណ ដោយរើថ្ម រៀបចំគ្រឹះ បុកបង្ហាប់ដីឥដ្ឋ រៀបថ្មបាយក្រៀម និងថ្មភក់ពីលើ។
ដោយសារកត្តាអាយុកាលធ្វើឱ្យថ្មបាយក្រៀមនៅផ្នែកខាងក្រោមរងការខូចខាត និងបាត់រូបរាង ស្ទើរទាំងស្រុង ដែលតម្រូវឱ្យក្រុមការងារប្រើថ្មថ្មីជំនួសច្រើន រីឯថ្មភក់នៅសេសសល់ច្រើន។ លោក អន សុភាព បានបញ្ជាក់ថា រចនាសម្ព័ន្ធច្រាំងកសិន្ធុខាងជើង ប៉ែកខាងក្នុងនេះ មានរូបរាងដូច ទៅនឹងខាងក្រៅដែរ គ្រាន់តែនៅផ្នែកខាងក្នុងមានជណ្តើរពីថ្មបាយក្រៀមតែ៦កាំ និងថ្មភក់៤កាំ ខុសពីខាងក្រៅ ដែលមានថ្មបាយក្រៀម៧កាំ និងថ្មភក់៣កាំវិញ។
បន្ថែមពីនេះ លោក អន សុភាព មានសុទិដ្ឋិនិយមថា ច្រាំងកសិន្ធុខាងលើនឹងមានរូបរាងស្រស់ស្អាតឡើងវិញ ដើម្បីលើកសោភ័ណភាពប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ស្កឹមស្កៃកាន់តែទាក់ទាញបន្ថែមទៀត៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12831",
"languageVersionId": "5651",
"visibilityVersion": "2",
"versionToken": "a1.DEAf5VUon-UojOUdcjZyTfIcycMaGTEEz8oK1SsFLFw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
