កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត!
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart K. Tokayev បានជួបពិភាក្សានៅចិន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានពិភាក្សាពាណិជ្ជកម្ម សន្តិសុខស្បៀងនិងថាមពល បច្ចេកវិទ្យា និងកសិកម្ម។
ខ្លឹមសារប្រភព
កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kassym-Jomart K. Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតីកាហ្សាក់ស្ថាន បានសម្ដែងនូវក្តីរីករាយ និងបានបង្ហាញពីបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ព្រមទាំងបានអញ្ជើញសម្ដេចធិបតី ទៅបំពេញទស្សនកិច្ច នៅប្រទេសកាហ្សាក់ស្ថាន ក្នុងពេលវេលាសមស្រប។
ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដោយឆ្នាំ២០២៦នេះ ជាខួបលើកទី៣២ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កាហ្សាក់ស្ថាន។ ជាមួយគ្នានេះ សម្ដេចក៏បានសម្តែងការស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ ឯកសារទាំងនេះជាកាតាលីករដ៏សំខាន់ក្នុងការសម្របសម្រួលដល់ការធ្វើដំណើរ និងការជួបប្រជុំរវាងគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរ ដើម្បីស្វែងរក និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត។
បន្ថែមលើនេះ ភាគីទាំង២ ក៏បានបន្តពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល មានជាអាទិ៍៖ ពាណិជ្ជកម្ម, សន្តិសុខស្បៀង, សន្តិសុខថាមពល, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ព័ត៌មានវិទ្យា, និងកសិកម្ម។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី រួមមាន៖ សន្និសីទស្តីពី អន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ផងដែរ៕
ដោយ៖ ធី លីថូ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12756",
"languageVersionId": "5431",
"visibilityVersion": "2",
"versionToken": "a1.8laccuA8hEzP-jb3zwB1DVxGpz8JOEIhSooIhZ4TzKw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
