កម្ពុជា ចុះកិច្ចព្រមព្រៀងទិញយន្តហោះ C909 ចំនួន ១០គ្រឿងពីក្រុមហ៊ុន COMAC របស់ចិន ក្នុងរយៈពេល ៥ឆ្នាំ ពង្រឹងវិស័យអាកាសចរណ៍ជាតិ
តាមការរាយការណ៍ កម្ពុជានិងក្រុមហ៊ុន COMAC បានចុះអនុស្សរណៈសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិល និងកិច្ចព្រមព្រៀងទិញ C909 នៅសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ Air Cambodia គ្រោងដាក់យន្តហោះ១០គ្រឿងឱ្យប្រើប្រាស់ក្នុងរយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមពីចុងឆ្នាំ២០២៦។
ខ្លឹមសារប្រភព
កម្ពុជា និងក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន (COMAC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងទិញយន្តហោះប្រភេទ C909 ដែលជាជំហានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអាកាសចរណ៍ស៊ីវិលរវាងកម្ពុជា និងចិន។ នេះក៏ជាលើកដំបូងផងដែរ ដែលកម្ពុជាជ្រើសរើសប្រើប្រាស់យន្តហោះផលិតដោយប្រទេសចិន សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6)។
ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការក្រុមហ៊ុន COMAC នាទីក្រុងសៀងហៃ ប្រទេសចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក He Dongfeng ប្រធានក្រុមហ៊ុន COMAC។
ក្នុងឱកាសនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង COMAC ព្រមទាំងកិច្ចព្រមព្រៀងទិញយន្តហោះ C909 រវាងក្រុមហ៊ុន Air Cambodia (K6) និង COMAC។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះនឹងជួយលើកកម្ពស់សមត្ថភាពវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពថែទាំអាកាសយាន និងការគាំទ្រផ្នែកបច្ចេកទេស។ ជាមួយគ្នានេះ វាក៏នឹងជួយពង្រីកប្រតិបត្តិការរបស់ Air Cambodia បង្កើនការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។
ឯកឧត្តមបានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលថ្មីមួយក្នុងការពង្រឹងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជា និងចិន ជាពិសេសក្នុងវិស័យអាកាសចរណ៍ស៊ីវិល។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជ្រើសរើសដាក់ឱ្យប្រើប្រាស់យន្តហោះ C909 ផលិតដោយប្រទេសចិន សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ។ ការសម្រេចចិត្តនេះមិនត្រឹមតែបន្ថែមជម្រើសថ្មីសម្រាប់ការអភិវឌ្ឍកងយន្តហោះរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទំនុកចិត្តលើបច្ចេកវិទ្យាផលិតយន្តហោះរបស់ចិនផងដែរ។
តាមផែនការ ក្រុមហ៊ុន Air Cambodia នឹងដាក់ឱ្យប្រើប្រាស់យន្តហោះ C909 សរុបចំនួន ១០គ្រឿង ក្នុងរយៈពេល ៥ឆ្នាំ ដោយគ្រោងចាប់ផ្តើមដំណើរការពីចុងឆ្នាំ២០២៦។ ការវិនិយោគនេះត្រូវបានរំពឹងថា នឹងរួមចំណែកពង្រឹងការតភ្ជាប់ជើងហោះហើរទាំងក្នុង និងក្រៅប្រទេស លើកកម្ពស់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12747",
"languageVersionId": "5404",
"visibilityVersion": "2",
"versionToken": "a1.d_basZS2mdj3h54xqJehgfdCaBbfKrQIouVpGPMI7qM"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
