ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជាអំពាវនាវឱ្យមានការផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសសមាជិកអាស៊ាន ដែលកំពុងអភិវឌ្ឍន៍ក្នុងការដឹកនាំគម្រោងថ្នាក់តំបន់!

កម្ពុជាបានធ្វើការអំពាវនាវឱ្យមានការផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសសមាជិកអាស៊ានដែលកំពុងអភិវឌ្ឍ ក្នុងការដឹកនាំគម្រោងថ្នាក់តំបន់ ខណៈមន្ត្រីអាស៊ានបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងកិច្ចប្រជុំលើកទី៩០ នៃគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI-90) នៅទីក្រុងដាណាំង ប្រទេសវៀតណាម។

នេះបើយោងតាមកិច្ចប្រជុំរៀបចំដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ដោយផ្តោតលើការអនុវត្តផែនការសកម្មភាពអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦-២០៣៥ រួមទាំងអាទិភាពនានា ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានសម្រាប់ការស្រាវជ្រាវ បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាថ្មីៗ និងកិច្ចសហប្រតិបត្តិការលើវិស័យអវកាស។

ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យអាស៊ានផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសសមាជិកដែលកំពុងអភិវឌ្ឍ និងប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្នុងការដឹកនាំគម្រោងថ្នាក់តំបន់។

ឯកឧត្តមបានលើកឡើងថា «បរិយាបន្នមិនគួរមានន័យត្រឹមតែការចូលរួមប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលទាំងឱកាសក្នុងការដឹកនាំ ការរួមចំណែក និងការកំណត់អាទិភាពរបស់គម្រោងផងដែរ»៕ ដោយ៖ ស្រីពី