សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Isaac Herzog ប្រធានាធិបតី អ៊ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីអ៊ីស្រាអែល បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី ក្នុងឱកាសនេះ។ ឯកឧត្តមបន្តថា ជំនួបនេះបានឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏យូរអង្វែងរវាងអ៊ីស្រាអែល-កម្ពុជា។
ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីអ៊ីស្រាអែល ហើយ សម្ដេចធិបតីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី។
ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល ក្នុងរយៈពេលជិត ៦ទសវត្សរ៍ កន្លមកនេះ និងប្ដេជ្ញាបន្តពង្រឹង និងពង្រីកបន្ថែមទៀតដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ។ ព្រមជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, អប់រំ, ទេសចរណ៍, និងការងារ ជាដើម។ សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីអ៊ីស្រាអែល បានឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ សំដៅស្វែងរក និងទាញយកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្ពោះទៅកម្រិតថ្មី។
