ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

Scam ឆបោកប្រាក់ពលរដ្ឋហ្វីលីពីនអស់ ១.៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥!

ទូច សុវណ្ណរិទ្ធី

នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពនៃការឆបោក ឬ Scam ឆ្នាំ ២០២៦ ដែលចេញផ្សាយដោយស្ថាប័នប្រឆាំងការឆបោកសកល បានឱ្យដឹងថា ពលរដ្ឋហ្វីលីពីនបានខាតបង់ប្រាក់អស់ ១.៩ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៥។ យោងតាមការស្ទង់មតិបានបង្ហាញថា ៨៤% នៃពលរដ្ឋពេញវ័យហ្វីលីពីនចំនួន ១១៦០ នាក់ ទទួលរងការឆបោកកាលពីឆ្នាំ ២០២៥ ដោយតួលេខនេះស្មើនឹងមធ្យមភាគនៃការជួបប្រទះការឆបោកចំនួន ១៥១ ដងក្នុងមនុស្សម្នាក់ៗក្នុងមួយឆ្នាំ ខណៈដែលក្នុងចំណោមនោះ ៣៤% រងការខាតបង់ប្រាក់ជាមធ្យមចំនួន ១០.៤២៧ បេសូ ដែលស្មើនឹងប្រមាណ ១៦៥ ដុល្លារអាមេរិក ក្នុងជនរងគ្រោះម្នាក់ៗ។ បន្ទុកហិរញ្ញវត្ថុនេះបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើថវិកាគ្រួសារ ដោយ ២២% នៃជនរងគ្រោះបាននិយាយថា ពួកគេលែងមានលទ្ធភាពលើការចំណាយថ្លៃរស់នៅមូលដ្ឋានតទៅទៀត បន្ទាប់ពីរងការឆបោក។ លើសពីនេះ ៨២% នៃអ្នកឆ្លើយតបបាននិយាយថា ការត្រូវបានឆបោកនេះ ប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់អារម្មណ៍ផ្លូវចិត្តរបស់ពួកគេ។


ការស្ទង់មតិបានរកឃើញថា ៨៨% នៃការព្យាយាមឆប្រាស់ ធ្វើនៅលើវេទិកាដែលមានមុខងារផ្ញើសារផ្ទាល់ ខណៈដែលបណ្តាញសង្គម Facebook គឺជាវេទិកាឈានមុខគេក្នុងប្រតិបត្តិការឆបោក បន្ទាប់មកគឺ Gmail ដែលមានចំនួន ៣៣%៕អត្ថបទដោយ៖ រិទ្ធី