រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វិទ្យាល័យហ៊ុន សែនវាលរេញទទួលបានម៉ាស៊ីន LCD Projector ១២គ្រឿងសម្រាប់បង្កើនសមត្ថភាពសិស្សានុសិស្ស

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ម៉ាស៊ីន LCD Projector ចំនួន ១២គ្រឿងដែលជាអំណោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបង្កើនសមត្ថភាពរបស់សិស្សានុសិស្ស។ ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ក្រោមធិបតីភាពឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក នៀម ស៊ីដារា នាយកវិទ្យាល័យ ហ៊ុន សែន

ម៉ាស៊ីនបច្ចេកវិទ្យា LCD Projector សរុបចំនួន ១២គ្រឿង បានប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបង្កើនសមត្ថភាពរបស់សិស្សានុសិស្ស។ អំណោយម៉ាស៊ីនបច្ចេកវិទ្យាទាំង១២គ្រឿងនេះ មាន៦គ្រឿងជារបស់ឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង៦គ្រឿងទៀតជារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។  

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ក្រោមធិបតីភាពឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក ងៀម ស៊ីដារា នាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ ព្រមទាំងមានការចូលរួមពីមន្រ្តីអ្នកមុខអ្នកការ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ទៀត។

ជាមួយគ្នានេះ ឯកឧត្តម សុខ គាង បានកត់សម្គាល់ឃើញអំពីសក្តានុពល និងការរីកចម្រើនរបស់វិទ្យាល័យ ហ៊ុន សែន វាលរេញ ដោយឯកឧត្តមបានបញ្ជាក់ថា នាយកសាលា  មាតាបិតា អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្ស បានចូលរួមសហការគ្នាយ៉ាងផុលផុស ដើម្បីធ្វើឱ្យវិទ្យាល័យមួយនេះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ 

«អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ គឺលោកនាយក ដែលសឹងតែគ្មានពីរ ព្រោះខ្ញុំធ្លាប់ឆ្មក់ចូលលេងឃើញគាត់ កំពុងតែរៀបចំសួននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដោយគ្មាននរណាដឹង! មកសង្ងំធ្វើជុំគ្នាជាមួយកូនសិស្សស្ម័គ្រចិត្ត២ទៅ៣នាក់ដែលពួកគាត់ជាប់បាក់ឌុបហើយ»។ នេះជាការកោតសរសើររបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដីទៅកាន់លោក ងៀម ស៊ីដារា នាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ។

ទន្ទឹមគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណែត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដី ដែលបានឧបត្ថម្ភគាំទ្រដល់វិស័យអប់រំក្នុងខេត្តព្រះសីហនុ។ ជាក់ស្តែង នៅពេលនេះ ឯកឧត្តមបាននាំយកម៉ាស៊ីន LCD Projector ចំនួន ១២គ្រឿងប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ។ ក្នុងនោះ ឯកឧត្តមភិបាលខេត្ត បានគូសរំលេចអំពីវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលជាវិទ្យាល័យគំរូមួយរបស់ខេត្តព្រះសីហនុ ហើយបានចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូចំនួន១លើក ទទួលបានចំណាត់ថ្នាក់លេខ៥នៅទូទាំងប្រទេស។

ចំណែក លោក ងៀម ស៊ីដារា លើកឡើងថា ម៉ាស៊ីន LCD Projector គឺជាឧបករណ៍បច្ចេកវិទ្យាក្នុងការគាំទ្រការងារបង្រៀន ហើយនៅឆ្នាំក្រោយនេះ វិទ្យាល័យ ហ៊ុន សែន វាលរេញ នឹងបំពាក់ឧបករណ៍នេះសម្រាប់សិស្សថ្នាក់ទី១១ ទី១២ និងលោកគ្រូអ្នកគ្រូ។ លោកអះអាងថា ឧបករណ៍បច្ចេកវិទ្យានេះ អាចជួយបំពេញបន្ថែមលើសូចនាករ និងការស្រាវជ្រាវរបស់លោកគ្រូអ្នកគ្រូដែលអាចចាក់បង្ហាញតាមរយៈឧបករណ៍បច្ចេកវិទ្យានេះឱ្យសិស្សានុសិស្សបានទស្សនា និងសិក្សាស្វែងយល់អំពីចំណេះដឹងទូទៅផងដែរ។ 

លោកនាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ បានបង្ហាញអារម្មណ៍សប្បាយចិត្តនៅក្នុងពិធីប្រគល់-ទទួលឧបករណ៍បច្ចេកវិទ្យា LCD Projector ។ មិនតែប៉ុណ្ណោះ លោក បាននិយាយទាំងអារម្មណ៍រំភើបរីករាយដោយថ្លែងអំណរគុណថ្នាក់ដឹកនាំទាំងអស់ដែលបានគាំទ្រលើវិស័យអប់រំនៅក្នុងវិទ្យាល័យហ៊ុន សែន វាលរេញ។ លើសពីនេះ លោកនាយក ក៏បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីគាំទ្រ និងបណ្តុះធនធានមនុស្សប្រកបដោយគុណវុឌ្ឍិផងដែរ។

សូមជម្រាបថា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាល័យ ហ៊ុន សែន វាលរេញ មានសិស្សានុសិស្សចំនួន ២,០៩៧នាក់ (សិស្សស្រីចំនួន ១,១៧១នាក់)។ ចំណែក សិស្សថ្នាក់ទី១២ មានចំនួន ៣៧៩នាក់ ដែលត្រៀមចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥ នាសម័យប្រឡង៖ ២៨ សីហាខាងមុខនេះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…