ក្រសួងមហាផ្ទៃថៃ បានចាប់ខ្លួនមនុស្ស ៤ នាក់ និងបញ្ជាឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់លើការពាក់ព័ន្ធដ៏ខ្មៅងងឹតរបស់មន្ត្រីរដ្ឋាភិបាលថៃ នៅក្នុងបណ្តាញជួញដូរមនុស្ស ដែលត្រូវបានចោទប្រកាន់ថា បាននាំយកកុមារពីប្រទេសមីយ៉ាន់ម៉ា ឲ្យមកលក់ផ្កា និងទឹកផ្លែឈើនៅតាមដងផ្លូវក្នុងទីតាំងជាច្រើនក្នុងទីក្រុងបាងកក។
ការស៊ើបអង្កេតនេះធ្វើឡើង បន្ទាប់ពីការបែកធ្លាយសារដែលរកឃើញនៅលើទូរស័ព្ទរបស់ជនសង្ស័យ ដែលបានទម្លាយការពិតថា មន្ត្រីរដ្ឋាភិបាលថៃម្នាក់ បានផ្ដល់ទីតាំង និងពេលវេលា ដល់បណ្តាញឧក្រិដ្ឋជនអំពីផែនការចុះត្រួតពិនិត្យ ដើម្បីបើកដៃឲ្យក្រុមនេះ បំលាស់ទីលាក់ខ្លួនកុមារទាំងនោះបានទាន់ពេលវេលា។
សំណុំរឿងដ៏ខ្មៅងងឹតនេះ បានបែកធ្លាយជាសាធារណៈបន្ទាប់ពីការធ្វើកិច្ចប្រតិបត្តិការបង្ក្រាបលើទីតាំងមួយកន្លែងក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១៣ ខែតុលា ដែលអាជ្ញាធរបានសង្គ្រោះជនរងគ្រោះនៃការជួញដូរមនុស្សចំនួន ៨ នាក់ រួមមានកុមារ ដែលមានអាយុចាប់ពី ៥ ដល់ ១៨ ឆ្នាំ និងស្ត្រីអាយុ ២៨ ឆ្នាំម្នាក់។
ក្រោយការសាកសួរចម្លើយជនរងគ្រោះបានបង្ហាញថា ពួកគេបានរងការវាយដំ និងគំរាមកំហែងយ៉ាងព្រៃផ្សៃ ដោយពួកគេ ត្រូវបានបង្ខំឱ្យកុមារទាំងនេះ ធ្វើការនៅក្នុងតំបន់ដែលមានមនុស្សកកកុញ រួមមានភោជនីយដ្ឋាន កន្លែងកម្សាន្ត និងតំបន់ទេសចរណ៍នានា ចាប់ពីពេលល្ងាចរហូតដល់ម៉ោង ៣ ឬ ៤ ភ្លឺ ដោយទទួលបានប្រាក់ឈ្នួលត្រឹមតែ ១០ បាតប៉ុណ្ណោះ៕អត្ថបទដោយ៖ រិទ្ធី



