ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានចាត់តាំង លោកវរសេនីយ៍ឯក ហេង សុវណ្ណ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដឹកនាំក្រុមការងារលេខាធិការដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ព្រមទាំងលិខិតចូលរួមរំលែកទុក្ខមួយច្បាប់ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ជួង នាម ភេទប្រុស អាយុ ៦២ឆ្នាំ (អតីតមន្ត្រីនគរបាលចូលនិវត្តន៍) ដល់លំនៅឋាន ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សពលោក ជួង នាម បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ ក្រុមការងារក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មកឧបត្ថម្ភជូនគ្រួសារសព ដើម្បីជួយសម្រាលការលំបាកក្នុងគ្រាជួបទុក្ខទោមនស្សនេះផងដែរ៕
ដោយ៖ ប៉ៃ សុឃីម






