លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានឆ្លៀតពេលសិក្សាពីស្បៃខ្មែរ និងបច្ចេកទេសប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមរៀបចំជាវត្ថុអនុស្សាវរីយ៍សម្រាប់ជូនគណៈប្រតិភូដែលនឹងចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» (The 20th Francophonie Summit) នៅព្រះរាជាណាចក្រកម្ពុជា។
ស្បៃខ្មែរជាស្នាដៃសិប្បកម្មប្រពៃណីដ៏មានតម្លៃ ដែលបង្ហាញពីភាពប៉ិនប្រសប់ និងអត្តសញ្ញាណវប្បធម៌របស់ជាតិ។ ក្រណាត់នេះមានប្រវត្តិតាំងពីសម័យបុរាណ ហើយបានបន្តអភិវឌ្ឍទាំងបច្ចេកទេសតម្បាញ និងក្បាច់រចនារហូតមកដល់បច្ចុប្បន្ន។



ស្បៃខ្មែរត្រូវបានផលិតពីសរសៃសូត្រដ៏ប្រណិត ឬតុបតែងដោយសរសៃអំបោះមាស រួមជាមួយក្បាច់លម្អដូចជា ក្បាច់ផ្កាច័ន្ទ និងក្បាច់ចក្កច័ន្ទ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងក្បាច់ចម្លាក់នៅតាមប្រាង្គប្រាសាទខ្មែរ។
លើសពីសោភ័ណភាព ក្បាច់រចនាទាំងនេះក៏បង្កប់នូវអត្ថន័យជានិមិត្តរូបនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល ដែលជាជំនឿ និងតម្លៃវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុក។




ការសិក្សាពីបច្ចេកទេសប៉ាក់ និងឌិនស្បៃខ្មែររបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គឺជាសកម្មភាពមួយដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះសិប្បកម្មប្រពៃណី និងការត្រៀមបង្ហាញស្នាដៃខ្មែរដល់ភ្ញៀវអន្តរជាតិ តាមរយៈវត្ថុអនុស្សាវរីយ៍ដែលមានតម្លៃទាំងផ្នែកសិល្បៈ និងវប្បធម៌។
ស្បៃខ្មែរមិនត្រឹមតែជាក្រណាត់សម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលរួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណជាតិ និងលើកកម្ពស់សិល្បៈសិប្បកម្មខ្មែរឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិ៕
អត្ថបទដោយ៖ សុភ័ក្រ្ត























