ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តព្រះសីហនុ និងនគរបាលសណ្ដាប់ធ្នាប់ ចុះរៀបចំសណ្ដាប់ធ្នាប់រថយន្តធុនធ្ងន់នៅឆ្នេរព្រែកត្រែង

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

កម្លាំងជំនាញការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានចុះអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ចំពោះរថយន្តធុនធ្ងន់សណ្តោងរម៉ក ដែលឈប់ចតមិនត្រឹមត្រូវនៅតាមបណ្តោយឆ្នេរព្រែកត្រែង ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពចរាចរណ៍ក្នុងតំបន់ទេសចរណ៍។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលណែនាំពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

កម្លាំងជំនាញការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានចុះអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ចំពោះរថយន្តធុនធ្ងន់សណ្តោងរម៉ក ដែលឈប់ចតមិនត្រឹមត្រូវនៅតាមបណ្តោយឆ្នេរព្រែកត្រែង ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពចរាចរណ៍ក្នុងតំបន់ទេសចរណ៍។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលណែនាំពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញចុះអនុវត្តការងារនៅតំបន់ឆ្នេរព្រែកត្រែង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ កម្លាំងសមត្ថកិច្ច និងរដ្ឋបាលខេត្តបានណែនាំដល់ម្ចាស់ និងអ្នកបើកបររថយន្តកុងតឺន័រ ដែលឈប់ចតនៅតាមបណ្តោយផ្លូវឆ្នេរ និងដីចំណីផ្លូវ ដោយមិនគោរពតាមផ្លាកសញ្ញាចរាចរណ៍ ឱ្យចូលរួមអនុវត្តច្បាប់ និងស្វែងរកទីតាំងចំណតឱ្យបានត្រឹមត្រូវ។ រដ្ឋបាលខេត្តក៏បានសម្របសម្រួល និងណែនាំទីតាំងចំណតផ្លូវការមួយចំនួន ដើម្បីឱ្យអ្នកបើកបរអាចយករថយន្តទៅចតដោយមានរបៀបរៀបរយ។

ការចតរថយន្តធុនធ្ងន់ដោយគ្មានសណ្ដាប់ធ្នាប់នៅតំបន់ឆ្នេរព្រែកត្រែង ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្តព្រះសីហនុ អាចប៉ះពាល់ដល់សោភ័ណភាពតំបន់ ធ្វើឱ្យមានការរំខានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់អាជីវកម្ម និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ឱ្យចូលរួមថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ដោយចៀសវាងការឈប់ ឬចតរថយន្តនៅលើទ្រូងផ្លូវ ដីចំណីផ្លូវតាមតំបន់ឆ្នេរ និងផ្លូវសាធារណៈនានា។
ការចូលរួមគោរពបទបញ្ជា និងចតរថយន្តនៅទីតាំងដែលបានកំណត់ នឹងចូលរួមចំណែកកាត់បន្ថយការកកស្ទះ បង្កើនសុវត្ថិភាពចរាចរណ៍ និងរក្សាសោភ័ណភាពទីក្រុងទេសចរណ៍ខេត្តព្រះសីហនុឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាត៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…