សម្ព័ន្ធមិត្តយោធាដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានស្ទាក់ចាប់ និងបាញ់ទម្លាក់ គ្រាប់មីស៊ីលបាលីស្ទិកចំនួន ៣ គ្រាប់ និងដ្រូនពិឃាតចំនួន ៤ គ្រឿង របស់ក្រុមឧទ្ទាមហ៊ូទី ដែលបាញ់សំដៅមកកាន់ប្រទេសរបស់ខ្លួន។
លោកវរសេនីយ៍ឯក Turki al-Maliki អ្នកនាំពាក្យសម្ព័ន្ធមិត្តយោធាបានបញ្ជាក់ថា គ្រាប់មីស៊ីលទាំងនោះ ត្រូវបានតម្រង់ទិសដៅទៅកាន់ខេត្ត Eastern Province ប៉ុន្តែមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ខណៈដែលមុនពេលនៃការបាញ់ទម្លាក់នេះ ភ្នាក់ងារការពារស៊ីវិលអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជូនសារប្រកាសអាសន្នជាបន្ទាន់ទៅកាន់ខេត្ត Eastern Province និងខេត្ត Al Kharj ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ ចៀសវាងការប្រមូលផ្តុំគ្នា ផ្អាកការថតរូប/វីដេអូ និងប្រញាប់ទូរស័ព្ទទៅលេខ 911 ក្នុងករណីមានហេតុការណ៍បន្ទាន់។
ការវាយប្រហារដោយគ្រាប់មីស៊ីល និងដ្រូននេះ ធ្វើឡើងចំពេលដែលមន្ត្រីជាន់ខ្ពស់មកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត តួរគី និងប៉ាគីស្ថាន កំពុងជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ នៅក្នុងទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងបន្ធូរបន្ថយ ជម្លោះក្នុងតំបន់៕ អត្ថបទ៖ រិទ្ធី
