ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើការវាយ តម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) រវាងក្រសួងបរិស្ថាន និងគណៈកម្មាធិការបម្រើក្វេគ័រអាមេរិកាំង (AFSC) នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
ពិធីនេះមានការចូលរួមពីលោក Abid Gulzar នាយកប្រចាំតំបន់អាស៊ី តំណាងអង្គការ AFSC ព្រមទាំងថ្នាក់ ដឹកនាំក្រសួងបរិស្ថាន តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋានជំនាញពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម សាបូ អូហ្សាណូ បានគូសបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ២០២៣ -២០២៨ ដែលជាផែនទីតម្រង់ទិស និងចង្អុលបង្ហាញយុទ្ធសាស្ត្រជាអាទិភាព គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន ឆ្នាំ២០៥០។ ក្រសួងបរិស្ថានបាន និងកំពុងអនុវត្តយុទ្ធនាការជាច្រើន សំដៅលើកកម្ពស់ «ភាពស្អាតលើដី» «ភាពស្អាតក្នុងទឹក» និង«ភាពស្អាតលើមេឃ»។ ការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត នឹងជួយឱ្យកម្ពុជាត្រៀមចំពោះបញ្ហាប្រឈមបរិស្ថានដែលអាចកើតមាន កាត់បន្ថយហានិភ័យនិងថ្លៃដើមនៃការចំណាយ និងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍបៃតង ក្នុងវិស័យឧស្សាហកម្ម រ៉ែ ថាមពល កសិកម្ម ទេសចរណ៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូរគមនាគមន៍ និងវិស័យសំខាន់ៗ ដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាខាងលើ រៀបចំឡើងក្នុងគោលបំណងចម្បងចំនួន៤ចំណុចរួមមាន៖
១-បន្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំទូទៅស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) និងសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) សម្រាប់អាជីវកម្មខ្សាច់នៅតាមទន្លេមេគង្គ។
២-បញ្ចប់នីតិវិធីពិនិត្យទៅលើខ្លឹមសារនៃសេចក្តីព្រាងគោលការណ៍ណែនាំទូទៅស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) និងសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) សម្រាប់គម្រោងអាជីវកម្មខ្សាច់នៅតាមទន្លេមេគង្គ។
៣-បំផុសការចូលរួមសាធារណៈ និងកសាងសមត្ថភាពក្នុងក្របខ័ណ្ឌការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA)។
៤-ជំរុញការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) សម្រាប់វិស័យអាទិភាពផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ស្រីពី









