ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញមកបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់លោកស្រី Sabeeda Thaised រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលត្រូវបានចុះផ្សាយក្នុងកាសែត Khaosod កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងប្រាសាទខ្នារ និងប្រាសាទតាក្របី។
តាមការអះអាងរបស់ភាគីថៃ ប្រាសាទទាំងពីរស្ថិតក្នុងទឹកដីថៃ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ខ្លួន ហើយការគ្រប់គ្រង និងការប្រមូលវត្ថុសិល្បៈចេញពីតំបន់ប្រាសាទ គឺក្នុងគោលបំណងសិក្សា ថែរក្សា និងអភិរក្ស។ ទោះជាយ៉ាងណា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ចាត់ទុកការអះអាងទាំងនេះថា គ្មានមូលដ្ឋាន និងមិនស្របតាមច្បាប់អន្តរជាតិ។


ក្នុងសេចក្តីបញ្ជាក់ ក្រសួងបានលើកឡើងនូវចំណុចសំខាន់ៗចំនួន៥ ដោយបញ្ជាក់ថា ប្រាសាទខ្នារ ប្រាសាទតាក្របី និងប្រាសាទមួយចំនួនទៀតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាសំណង់បេតិកភណ្ឌដែលកសាងដោយបុព្វបុរសខ្មែរ និងស្ថិតក្នុងទឹកដីកម្ពុជា ដោយយោងតាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ដែលពាក់ព័ន្ធនឹងការខណ្ឌសីមាព្រំដែន និងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។
ក្រសួងក៏បានលើកឡើងថា ផែនទីនេះត្រូវបានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បញ្ជាក់ក្នុងសេចក្តីសម្រេចឆ្នាំ១៩៦២ និងឆ្នាំ២០១៣។ ជាមួយគ្នានេះ ក្រសួងបានអះអាងថា សូម្បីតែផែនទីស៊េរី L7017 ដែលកម្ពុជាជំទាស់ថាជាផែនទីគូសជាឯកតោភាគី ក៏បានបង្ហាញទីតាំងប្រាសាទទាំងនេះនៅក្នុងទឹកដីកម្ពុជាដែរ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់បន្ថែមថា ការចុះបញ្ជីប្រាសាទក្នុងបញ្ជីបេតិកភណ្ឌថៃ និងការចាត់វិធានការគ្រប់គ្រងដោយគ្មានការឯកភាពពីកម្ពុជា មិនអាចបង្កើតសិទ្ធិគ្រប់គ្រងស្របច្បាប់ ឬផ្លាស់ប្តូរអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាបានឡើយ។ ក្រសួងបានលើកឡើងពីគោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ (uti possidetis juris) សន្ធិសញ្ញា ផែនទីប្រវត្តិសាស្ត្រ និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរធ្លាប់បានឯកភាពគ្នា។
ពាក់ព័ន្ធនឹងការយកវត្ថុសិល្បៈចេញពីតំបន់ប្រាសាទ ក្រសួងបានចាត់ទុកសកម្មភាពនេះថា ជាការរំលោភបទដ្ឋានច្បាប់អន្តរជាតិដែលពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌវប្បធម៌ រួមមានអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាឆ្នាំ១៩៧២ ព្រមទាំងលិខិតបទដ្ឋានពាក់ព័ន្ធរបស់អង្គការយូណេស្កូ។ ក្រសួងក៏បានលើកឡើងថា សកម្មភាពទាំងនេះអាចប៉ះពាល់ដល់ភស្តុតាងបច្ចេកទេស និងសភាពដើមនៃតំបន់ព្រំដែន ដែលផ្ទុយនឹងប្រការ៥ នៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០។ ក្រសួងបានបញ្ជាក់ថា គណៈកម្មការចម្រុះព្រំដែន (JBC) ជាយន្តការដែលមានអាណត្តិពាក់ព័ន្ធនឹងការវាស់វែង និងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែង។
ក្រសួងក៏បានសម្តែងការសោកស្តាយចំពោះសកម្មភាពដែលខ្លួនយល់ថា បង្កើនភាពតានតឹងតាមបណ្តោយព្រំដែន និងប៉ះពាល់ដល់ទំនុកចិត្តរវាងប្រទេសទាំងពីរ ដោយរំលឹកដល់សេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការប្តេជ្ញាចិត្តកន្លងមកក្នុងការស្តារទំនុកចិត្ត និងទំនាក់ទំនងជាអ្នកជិតខាងល្អ។
ជាចុងក្រោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលមិនមានការអនុញ្ញាតពីកម្ពុជានៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់ខ្លួន និងប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ ព្រមទាំងគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងមរតកវប្បធម៌របស់កម្ពុជា។
កម្ពុជាក៏បានជំរុញឱ្យប្រទេសថៃចាប់ផ្តើមការងាររបស់គណៈកម្មការចម្រុះព្រំដែន (JBC) ឡើងវិញ ដោយមិនពន្យារពេល និងដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់តាមរយៈការសន្ទនាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ។
ក្រសួងបានបញ្ជាក់ជំហរថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងការពារបេតិកភណ្ឌវប្បធម៌ ដើម្បីរក្សាមរតកដ៏មានតម្លៃនេះសម្រាប់មនុស្សជំនាន់ក្រោយ៕ ដោយ៖ សុភ័ក្រ្ត






