រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសប្រជាពលរដ្ឋខ្មែរចំនួន ១០.០០០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ឱ្យចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ សម្រាប់ឆ្នាំ២០២៦ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា។
ការជ្រើសរើសនេះ គឺជាការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពការពារជាតិ ការកសាងធនធានមនុស្សក្នុងវិស័យយោធា និងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការពារប្រទេសជាតិ។ ការមានកម្លាំងយោធាដែលមានសមត្ថភាព និងការរៀបចំកម្លាំងឱ្យបានសមស្រប គឺជាកត្តាសំខាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាសន្តិសុខជាតិ។
ជាមួយគ្នានេះ ការអនុវត្តកាតព្វកិច្ចយោធាក៏អាចក្លាយជាឱកាសសម្រាប់យុវជនខ្មែរបានចូលរួមបម្រើជាតិ ស្វែងយល់ពីវិន័យ និងការទទួលខុសត្រូវ ព្រមទាំងអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនតាមរយៈការហ្វឹកហ្វឺន និងបទពិសោធន៍ក្នុងវិស័យយោធា។ ការបំពេញកាតព្វកិច្ចនេះអាចជួយឱ្យយុវជនពង្រឹងស្មារតីសាមគ្គីភាព ការសហការជាក្រុម ភាពអត់ធ្មត់ និងការគោរពវិន័យ ដែលជាគុណសម្បត្តិមានសារៈសំខាន់ទាំងក្នុងការងារ និងជីវិតប្រចាំថ្ងៃ។
ចំពោះយុវជនដែលមានចំណាប់អារម្មណ៍លើវិស័យការពារជាតិ ការចូលរួមនេះក៏អាចជាជំហានមួយក្នុងការស្វែងយល់ពីអាជីពយោធា និងតួនាទីរបស់កងកម្លាំងក្នុងការបម្រើប្រទេសជាតិផងដែរ។
យុវជនដែលមានចំណាប់អារម្មណ៍បំពេញកាតព្វកិច្ចយោធា ត្រូវទាក់ទងនិងដាក់ពាក្យស្នើសុំតាមរយៈ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។ ចំពោះយុវជនជាបុរសដែលមានអាយុពី ១៨ ដល់ ២៥ឆ្នាំ គឺស្ថិតក្នុងកាតព្វកិច្ច និងអាចស្នើសុំបំពេញសេវាដោយស្ម័គ្រចិត្ត ឬតាមនីតិវិធីកំណត់ ខណៈដែលស្ត្រីអាចចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ចំពោះរយៈពេលការបំពេញកាតព្វកិច្ចយោធាមានរយៈពេល ២៤ខែ (២ឆ្នាំ) ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា៕ ដោយ៖ សុភ័ក្រ្ត

