ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងទប់ស្កាត់បទល្មើសផ្សេងៗ នៅតាមដងផ្លូវសាធារណៈក្នុងភូមិសាស្ត្រក្រុង និងខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញជាប្រចាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
ក្នុងសកម្មភាពរឹតបន្តឹងច្បាប់នេះ មានការចូលរួមសហការយ៉ាងសកម្មពីសំណាក់ កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលព្រហ្មទណ្ឌនិងកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕ ដោយ៖ ប៉ៃ សុឃីម







