ប្រទេសកូរ៉េខាងត្បូង កំពុងចាត់វិធានការក្តៅ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើបេក្ខជនទាំងឡាយណាដែលត្រូវបានរកឃើញថា បានប្រើប្រាស់វ៉ែនតាវៃឆ្លត AI បន្លំអំឡុងពេលប្រឡងជ្រើសរើសនិស្សិតចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ឬប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិ។ វិធានការថ្មីនេះ រួមមានការដាក់ទោសតាមច្បាប់ព្រហ្មទណ្ឌ និងគម្រោងពង្រីករយៈពេលហាមចូលរួមការប្រឡងឡើងវិញរហូតដល់ទៅ ៣ ឆ្នាំ។
ក្រសួងអប់រំកូរ៉េខាងត្បូងបានប្រកាសពីវិធានការដ៏ម៉ឺងម៉ាត់នេះកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ខណៈដែលការប្រឡង ជ្រើសរើសនិស្សិតចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា នឹងចូលមកដល់នាខែវិច្ឆិកាខាងមុខនេះ។
វ៉ែនតាឆ្លាតវៃ AI បានក្លាយជាការប្រឈមមុខដ៏ធំមួយសម្រាប់អាជ្ញាធរកូរ៉េខាងត្បូង បន្ទាប់ពីមានករណីបន្លំប្រឡងជាបន្តបន្ទាប់ដោយប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានេះ ខណៈដែលយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានឱ្យដឹងថា ករណីបន្លំប្រើប្រាស់វ៉ែនតាឆ្លាតវៃចំនួន ៥ ករណី ត្រូវបានរាយការណ៍ក្នុងចន្លោះខែឧសភា និងខែមិថុនា។
ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព អាជ្ញាធរកូរ៉េខាងត្បូងនឹងដាក់ពង្រាយអ្នកត្រួតពិនិត្យផ្លូវការចំនួន ១៣១២ នាក់ នៅតាមមណ្ឌលប្រឡងទូទាំងប្រទេសក្នុងឆ្នាំនេះ៕ អត្ថបទ៖ រិទ្ធី
