នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបិទការប្រណាំងទូក «ង» ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦។


ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី ព្រមទាំងលើកស្ទួយវិស័យកីឡាអុំទូក «ង» និងវិស័យទេសចរណ៍ក្នុងខេត្តតាកែវ ក្រោមបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងប្រកបដោយមោទកភាពក្រោមកិច្ចដឹកនាំប្រកបដោយសុខសន្តិភាព។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ, ក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ, ប្រធានមន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្ត រួមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕ ដោយ៖ ប៉ៃ សុឃីម






