អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយសម្រេចបណ្ដេញជនបរទេសខុសច្បាប់ចំនួន ៥៤០នាក់ ក្នុងនោះស្ត្រី ១១៥នាក់ ដែលមាន ២២សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។


ប្រតិបត្តិការនេះ ធ្វើឡើងតាមអនុសាសន៍ដឹកនាំរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចាត់តាំងដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានប្រគល់ភារកិច្ចជូននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
ជនបរទេសដែលត្រូវបានបណ្ដេញចេញទាំង ២២សញ្ជាតិ រួមមាន ឥណ្ឌូនេស៊ី វៀតណាម ចិន ហ្វីលីពីន ថៃ ប៉ាគីស្ថាន នីហ្សេរីយ៉ា បង់ក្លាដេស កូរ៉េ កាមេរូន ចិនតៃវ៉ាន់ យ៉ូហ្គង់ដា រុស្ស៊ី អង់គ្លេស ម៉ាឡេស៊ី លីប៊េរីយ៉ា សេរ៉ាឡេអូន ឡាវ ឥណ្ឌា កាហ្សាក់ស្ថាន ហ្គាណា និងអ៊ូបេគីស្ថាន។


ក្នុងចំណោមជនបរទេសទាំងនោះ មានជនជាតិឥណ្ឌូនេស៊ីចំនួន ១៤៤នាក់ (ស្រី ១៦នាក់) ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ចំណែកជនជាតិវៀតណាមចំនួន ៣៦នាក់ (ស្រី ១២នាក់) ដែលពាក់ព័ន្ធនឹងបទល្មើសប្រភេទដូចគ្នា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។

ដោយឡែក ជនបរទេសផ្សេងទៀត ត្រូវបានអាជ្ញាធររកឃើញថា ពាក់ព័ន្ធនឹងបទល្មើស និងការបំពានច្បាប់ជាច្រើន ដូចជា លួចឆ្លងដែនខុសច្បាប់ បន្លំឯកសារ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ធ្វើការងារខុសច្បាប់ ព្រមទាំងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។ ក្រុមនេះត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ស្របតាមគោលការណ៍នេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវឈានដល់ការកំណត់មេខ្លោង និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងអាចវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញដោយសុវត្ថិភាព។
ការបន្តអនុវត្តវិធានការទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សុភ័ក្រ្ត




