ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នៃវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីដ៏មានអត្ថន័យនេះក៏មានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ ផងដែរ។



ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, ប្រធានការិយាល័យជំនាញ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោកគ្រូ អ្នកគ្រូ, អាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។


ការប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការប្រមូលផ្ដុំចំណេះដឹង ជំនាញ និងការបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ និងយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ៕ ដោយ៖ ប៉ៃ សុឃីម









