ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលជាក្រុមហ៊ុនរដ្ឋទទួលបន្ទុកអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ ដ៏ធំសម្បើម បានកាត់បន្ថយបុគ្គលិកចំនួន ១៣៦០ នាក់ នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៦ នេះ ដែលធ្វើឱ្យចំនួនបុគ្គលិកសរុបដែលត្រូវបាត់បង់ការងារកើនឡើងជិត ៣៧០០ នាក់ គិតចាប់តាំងពីដើមឆ្នាំមក។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបង្អស់របស់ក្រុមហ៊ុន បានបង្ហាញថា ចំនួនបុគ្គលិកបានធ្លាក់ចុះយ៉ាងគំហុកពីជាង ១០.៨០០ នាក់ នៅដើមឆ្នាំ ២០២៦ មកនៅត្រឹមតែជាង ៧១១០ នាក់ប៉ុណ្ណោះ នៅចុងខែកញ្ញា ខណៈដែលការទូទាត់ប្រាក់បៀវត្សរ៍ជូនបុគ្គលិកក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំនេះ មានទំហំប្រមាណ ២.៦៣ ពាន់ពាន់លានដុង ដែលស្មើនឹងប្រមាណ ១០១.៩២ លានដុល្លារអាមេរិក ដែលជាតួលេខថយចុះប្រមាណ ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន មូលហេតុដែលជំរុញឱ្យមានការកាត់បន្ថយចំនួនបុគ្គលិកដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺពាក់ពន្ធ័នឹងការចំណាយកើនឡើង ដោយគិតត្រឹមចុងខែកញ្ញា ថ្លៃដើមសាងសង់សម្រាប់ដំណាក់កាលទី ១ បានកើនឡើងដល់ជិត ៤៤.១៣ ពាន់ពាន់លានដុង ដែលកើនឡើង ២៩% បើធៀបនឹងដើមឆ្នាំ។
គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋាននេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមបើកប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី ២៤ ខែធ្នូ ជាមួយនឹងជើងហោះហើរប្រមាណ ៣៦៦ ជើងក្នុងមួយសប្តាហ៍៕ អត្ថបទ៖ រិទ្ធី

