រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ស៊ី ជីនពីង ផ្ញើសារលិខិតថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន បង្ហាញពីការប្តេជ្ញាចិត្តបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត (CPC) និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារលិខិតថ្លែងអំណរគុណជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះលិខិតអបអរសាទររបស់សម្តេច ក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងសារលិខិត ឯកឧត្តម ស៊ី ជីនពីង បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចតេជោ ហ៊ុន សែន និងបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលមានមូលដ្ឋានលើមិត្តភាពជាប្រពៃណី ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។

ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត (CPC) និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារលិខិតថ្លែងអំណរគុណជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះលិខិតអបអរសាទររបស់សម្តេច ក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសារលិខិត ឯកឧត្តម ស៊ី ជីនពីង បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចតេជោ ហ៊ុន សែន និងបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលមានមូលដ្ឋានលើមិត្តភាពជាប្រពៃណី ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។

ឯកឧត្តមប្រធានាធិបតីចិន បានបង្ហាញពីការត្រៀមខ្លួនបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីរួមគ្នាជំរុញមិត្តភាពជាប្រពៃណី និងពង្រឹងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ថា កម្ពុជា និងចិនមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីយូរអង្វែង ដោយប្រទេសទាំងពីរបានបន្តពង្រឹងកិច្ចសហការលើវិស័យជាច្រើន រួមមាន នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។

ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មបានរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ខណៈការវិនិយោគ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបានបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍ និងការបង្កើនជីវភាពប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ភាគីទាំងពីរបានបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលមានផលប្រយោជន៍រួម ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីពង្រឹងការយល់ដឹង ការជឿទុកចិត្ត និងចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ។
តាមរយៈសារលិខិតនេះ ឯកឧត្តម ស៊ី ជីនពីង ក៏បានបង្ហាញពីបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការធ្វើទំនើបកម្មប្រទេសរៀងៗខ្លួន និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនប្រជាជនកម្ពុជា និងចិន។

នៅចុងបញ្ចប់ ឯកឧត្តម ស៊ី ជីនពីង បានជូនពរសម្តេចតេជោ ហ៊ុន សែន ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម។
សារលិខិតនេះបានបង្ហាញពីការបន្តរក្សាចំណងមិត្តភាព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ប្រជាជន និងប្រទេសទាំងពីរ៕ អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…