យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reform.news បានបញ្ជាក់ថា ក្រុម Hacker ដែលមានឈ្មោះ Cyber Partisans និង Silent Crow បានចេញមុខប្រកាសទទួលខុសត្រូវលើការវាយលុកចូលលួចទិន្នន័យសម្ងាត់របស់ភ្នាក់ងារស្ថិតិរដ្ឋសហព័ន្ធរុស្ស៊ី។
ក្រុម Hacker ទាំងពីរនេះ បានវាយលុកលួចទិន្នន័យការិយាល័យកណ្តាលនៃភ្នាក់ងារស្ថិតិរដ្ឋសហព័ន្ធរុស្ស៊ី សាខាតាមតំបន់នានា នៅទូទាំងប្រទេសរុស្ស៊ី ដោយចូលកាន់កាប់គ្រប់គ្រងលើកុំព្យូទ័រចំនួនប្រមាណ ២៥.០០០ គ្រឿង។ លើសពីនេះ ក្រុម Hacker បានលួចយកទិន្នន័យសម្ងាត់ បានរហូតដល់ប្រមាណ ២៣ តេរ៉ាបៃ ដែលរួមមានឯកសារផ្ទៃក្នុង មូលដ្ឋានទិន្នន័យ និងព័ត៌មានផ្លូវការជាច្រើនទៀត ជាពិសេសព័ត៌មានពីការបាត់បង់កម្លាំងយោធារបស់រុស្ស៊ី នៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន ដែលត្រូវបានទម្លាយថាមានស្លាប់ និងរងរបួសចន្លោះពី ១.៤ លានទៅ ២.១ លាននាក់នោះ។
គួរបញ្ជាក់ផងដែរថា ក្រុម Cyber Partisans គឺជាក្រុម Hacker ដែលបង្កើតឡើងដើម្បីប្រឆាំងនឹងរបបរបស់លោកប្រធានាធិបតីបេឡារុស Alexander Lukashenko និងការគាំទ្ររបស់លោក លើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលកន្លងមក ក្រុមនេះធ្លាប់បានវាយប្រហារបណ្តាញផ្លូវរថភ្លើងរុស្ស៊ី ដើម្បីបង្អាក់ការដឹកជញ្ជូនទ័ព និងធ្លាប់បានទម្លាយទិន្នន័យសម្ងាត់របស់ប៉ូលីសរុស្ស៊ី ជាច្រើនលើក៕ អត្ថបទ៖ រិទ្ធី

