រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរមីនជំរុញដៃគូអភិវឌ្ឍន៍រួមគ្នាបោសសម្អាតមីនចាស់ និងគ្រាប់បែកចង្កោមថ្មីនៅកម្ពុជា

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន តាងនាមឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យគ្រប់ភាគីបន្តសហការដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីសង្គ្រាម និងការគំរាមកំហែងថ្មីៗ។ ឯកឧត្តមបញ្ជាក់ថា ក្នុងរយៈពេលជាង៣០ឆ្នាំ កម្ពុជាបានរំដោះផ្ទៃដីជាង ៣.៦០០ គីឡូម៉ែត្រក្រឡា ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន តាងនាមឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យគ្រប់ភាគីបន្តសហការដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីសង្គ្រាម និងការគំរាមកំហែងថ្មីៗ។

ឯកឧត្តមបញ្ជាក់ថា ក្នុងរយៈពេលជាង៣០ឆ្នាំ កម្ពុជាបានរំដោះផ្ទៃដីជាង ៣.៦០០ គីឡូម៉ែត្រក្រឡា ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ប៉ុន្តែជម្លោះប្រដាប់អាវុធកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ បានបង្កផលប៉ះពាល់ថ្មីដោយគ្រាប់បែកចង្កោមនៅខេត្តចំនួន៧ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ និងគាំទ្របន្ថែម។

ឯកឧត្តមបានស្នើឱ្យដៃគូពាក់ព័ន្ធផ្តោតលើអាទិភាព៣ គឺ ពង្រឹងការអង្កេត និងវាយតម្លៃតំបន់រងផលប៉ះពាល់ថ្មី បន្តគាំទ្រការបោសសម្អាតផ្ទៃដីចាស់ដែលនៅសេសសល់ប្រមាណ ១.៦៨៩ គីឡូម៉ែត្រក្រឡា និងពង្រីកធនធាន ព្រមទាំងការចូលរួមពីវិស័យឯកជន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ពីការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមីន ដើម្បីការពារបរិស្ថាន និងតំបន់ធម្មជាតិដែលរងផលប៉ះពាល់។ ចំណែកឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសង្កត់ធ្ងន់លើការពង្រឹងសមត្ថភាពបច្ចេកទេស និងប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាមីន។

ជាមួយគ្នានេះ កិច្ចប្រជុំបានបង្ហាញផែនការអនុវត្តរយៈពេលបីឆ្នាំ ២០២៦-២០២៨ នៃគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការគាំទ្រពីដៃគូអភិវឌ្ឍន៍។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបញ្ចប់បញ្ហាមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងចាស់ និងថ្មី ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងផ្តល់ដីមានសុវត្ថិភាពសម្រាប់ការរស់នៅ កសិកម្ម និងការអភិវឌ្ឍប្រទេស៕ អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…