កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស សាធារណរដ្ឋបារាំង អាណត្តិទី១ លើកទី១ ដែលបានប្រព្រឹត្តទៅនៅ Maison du Cambodge ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។



ពិធីនេះមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ (UNESCO) តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម សមាជិកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន និងធុរកិច្ចនៅទីក្រុងប៉ារីស យ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១១៤ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានសមាជិកចំនួន ១៥ រូប ជ្រើសតាំងតាមរយៈការបោះឆ្នោត ហើយការិយាល័យនេះ នឹងដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយអំពីគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់វិស័យឯកជន សក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ដើម្បីទាក់ទាញធុរកិច្ច និងវិនិយោគិនបារាំង ក៏ដូចជាចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារ និងផ្លាស់ប្តូរព័ត៌មាន សំដៅបង្កើនកាលានុវត្តភាពធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ដែលនឹងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ ដោយ៖ ស្រីពី


