មន្ត្រីសុខាភិបាលរដ្ឋញូវយ៉ក បានរាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញអំពី ករណីស្លាប់របស់កុមារម្នាក់ ដែលពាក់ព័ន្ធនឹងជំងឺកញ្ជ្រិល អំឡុងពេលនៃការផ្ទុះឡើងនៃជំងឺនេះ ដែលនេះ ជាករណីស្លាប់បាត់បង់ជីវិតដោយសារជំងឺកញ្ជ្រិលដំបូងគេបង្អស់ដែលត្រូវបានកត់ត្រានៅក្នុងរដ្ឋនេះ ក្នុងរយៈពេលជាង ៣០ ឆ្នាំ។
ការវិវត្តដ៏គួរឱ្យព្រួយបារម្ភនេះ កើតឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីអភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul បានប្រកាសអាសន្ន ដើម្បីឆ្លើយតបនឹងការរាតត្បាតនៃជំងឺកញ្ជ្រិល ដែលកំពុងកើនឡើងនៅតំបន់នានានៃរដ្ឋញូវយ៉ក។
គិតត្រឹមថ្ងៃទី ២៤ ខែតុលា រដ្ឋញូវយ៉ក បានកត់ត្រាករណីឆ្លងជំងឺកញ្ជ្រិលសរុប ១៧៨ ករណី នៅក្នុងឆ្នាំនេះ រួមទាំង ៨ ករណីក្នុងទីក្រុងញូវយ៉ក ខណៈដែលយោងតាមទិន្នន័យ យ៉ាងហោចណាស់ ៩៦% នៃករណីជំងឺកញ្ជ្រិលនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៦ នេះ កើតឡើងលើបុគ្គលដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនមានប្រវត្តិចាក់វ៉ាក់សាំង។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា រោគសញ្ញាដំបូងនៃជំងឺកញ្ជ្រិលរួមមាន ក្អក ហៀរសំបោរ ក្តៅខ្លួនខ្លាំងរហូតដល់ប្រមាណ ៤០ អង្សាសេ ភ្នែកក្រហម និងហូរទឹកភ្នែក។ ហើយចន្លោះពី ២ ទៅ ៣ ថ្ងៃបន្ទាប់ពីលេចចេញរោគសញ្ញា អ្នកជំងឺអាចលេចចេញស្នាមអុចៗពណ៌សតូចៗនៅក្នុងមាត់ ហើយបន្ទាប់មក ចន្លោះពី ៣ ទៅ ៥ ថ្ងៃ អ្នកជំងឺនឹងចាប់ផ្តើមចេញកន្ទួលក្រហមនៅលើស្បែក ដោយចាប់ផ្តើមពីផ្ទៃមុខតាមជើងសក់ រួចរាលដាលចុះមកក្រោម ដល់ក ទ្រូង ពោះ ដៃ ជើង និងបាតជើង៕ អត្ថបទ៖ រិទ្ធី

