ទីក្រុងហាណូយ ប្រទេសវៀតណាម នឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ៤ លានដុង ដែលស្មើនឹងប្រមាណ ១៥៤ ដុល្លារអាមេរិក ជូនដល់ស្ត្រីដែលរស់នៅក្នុងទីក្រុងហាណូយ និងសម្រាលបានកូនចំនួន ២ នាក់ មុនពេលពួកគាត់ឈានចូលដល់អាយុ ៣៥ ឆ្នាំ ចាប់ពីឆ្នាំក្រោយតទៅ។ នេះជាផ្នែកមួយនៃគោលនយោបាយយុទ្ធសាស្ត្រ សំដៅលើកកម្ពស់អត្រាកំណើតនៅក្នុងទីក្រុងដែលកំពុងធ្លាក់ចុះ។
យោងតាមគណៈកម្មាធិការប្រជាជនក្រុងហាណូយ បានឱ្យដឹងថា អត្រាបង្កកំណើត នៅក្នុងទីក្រុងហាណូយ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អាជ្ញាធរក្រុងបានព្រមានថា ស្ថានភាពអត្រាកំណើតទាបអូសបន្លាយពេលយូរបែបនេះ អាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំហំ និងរចនាសម្ព័ន្ធប្រជាជនរបស់ទីក្រុងហាណូយ ធ្វើឱ្យល្បឿននៃភាពចាស់ជរារបស់ប្រជាជនកើនឡើងលឿន និងបង្កផលប៉ះពាល់លើកម្លាំងពលកម្មសេដ្ឋកិច្ចក្នុងរយៈពេលវែង។
គោលនយោបាយនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាប្រជាជនក្រុងហាណូយ ដែលត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ប្តីប្រពន្ធឱ្យមានកូនចំនួន ២ នាក់ ខណៈដែលសាលាក្រុងហាណូយ បានប៉ាន់ប្រមាណថា នឹងមានស្ត្រីប្រមាណ ១៥,០០០ នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភនេះជារៀងរាល់ឆ្នាំ ហើយគម្រោងនេះ នឹងតម្រូវឱ្យប្រើប្រាស់ថវិការដ្ឋប្រមាណ ៦០ ពាន់លានដុង ឬប្រមាណ ២,៤ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕ អត្ថបទ៖ រិទ្ធី

