សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន ៥ខ្នង ស្មើនឹង ៥៥បន្ទប់ នៅវិទ្យាល័យទ្រៀល ខេត្តកំពង់ធំ។ សមិទ្ធផលនេះសាងសង់ឡើងក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដោយមានការសាងសង់នៅសាលារៀនចំនួន ៥ផ្សេងគ្នា ក្នុងគោលបំណងរួមចំណែកកាត់បន្ថយការខ្វះខាតបន្ទប់រៀន និងបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្សដែលមានការកើនឡើងជាបន្តបន្ទាប់។



ក្នុងពិធីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលផ្តល់អាទិភាពដល់ការលើកកម្ពស់គុណភាពអប់រំនៅតាមសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា ព្រមទាំងបន្តពង្រីកសេវាអប់រំឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ដើម្បីធានាឱ្យកុមារគ្រប់រូបទទួលបានឱកាសសិក្សាប្រកបដោយគុណភាព និងសមធម៌។ សម្តេចធិបតីបានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគតប្រទេសជាតិ ព្រោះការអប់រំជាគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស ជាកត្តាសំខាន់សម្រាប់បង្កើនផលិតភាពសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។


ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់សប្បុរសជន និងវិស័យឯកជន បន្តចូលរួមកសាង និងពង្រីកសាលារៀននៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងបញ្ហាកង្វះថ្នាក់រៀន និងគ្រូបង្រៀននៅតាមតំបន់ជនបទ ដែលសាលារៀនមួយចំនួនមានសិស្សជិត ៨០នាក់ក្នុងមួយថ្នាក់។ យោងតាមរបាយការណ៍របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អគារសិក្សាទាំងនេះជាសក្ខីភាពនៃការចូលរួមរបស់វិស័យឯកជនក្នុងការលើកកម្ពស់ការអប់រំ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ គឺជាការបណ្តាក់ទុនដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិក្នុងរយៈពេលវែង។ អត្ថបទដោយ៖ សុភ័ក្រ្ត




