រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-វៀតណាម បន្តពង្រឹងសន្តិសុខផ្ទៃសមុទ្រ! មូលដ្ឋានសមុទ្ររាម និងបញ្ជាការដ្ឋានតំបន់៥ ជួបប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៨

ប៉ៃ សុឃីម

សេចក្តីសង្ខេប

មូលដ្ឋានសមុទ្ររាម និងបញ្ជាការដ្ឋានតំបន់៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម ជួបប្រជុំដកបទពិសោធន៍លើកទី៣៨ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃលទ្ធផលការល្បាតរួមលើកទី៨៣-៨៤ និងពង្រឹងសន្តិសុខផ្ទៃសមុទ្រ។

កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានតំបន់៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម មានការរៀបចំ «កិច្ចប្រជុំដកបទពិសោធន៍លើកទី៣៨ ស្តីពីការងារល្បាតរួមលើកទី៨៣-៨៤» រវាងមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹកកម្ពុជា កងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានតំបន់៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និង ឧត្តមនាវីត្រី ជិញ ស៊ុនទុង មេបញ្ជាការ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឧត្តមនាវី នាយនាវី និងនាយនគរបាល ដែលជាតំណាងស្ថាប័ន-អង្គភាពពាក់ព័ន្ធនានានៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ និងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើលទ្ធផលនៃការល្បាតរួមគ្នានាពេលកន្លងមក ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនទឹកនៃប្រទេសទាំងពីរ។

កិច្ចប្រជុំដកបទពិសោធន៍នេះ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ និងផ្លែផ្កាជាផ្លូវការ ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល បង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកងទ័ពជើងទឹក និងអាជ្ញាធរពាក់ព័ន្ធនៃកម្ពុជា និងវៀតណាម៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…