ភ្ញៀវទេសចរជនជាតិសិង្ហបុរីម្នាក់ ត្រូវបានតុលាការប្រទេសអូស្ត្រាលី ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ ឆ្នាំ និង ៩ ខែ បន្ទាប់ពីរូបគេបានបើករថយន្តដេញតាម និងបុកកិនបុរសម្នាក់ ដែលបានលួចកាតាបចេញពីរថយន្តជួលរបស់ខ្លួន រហូតដល់បាត់បង់ជីវិត។
ជនជាប់ចោទដែលមានឈ្មោះ Jing Kai អាយុ ២៩ ឆ្នាំ ត្រូវបានតុលាការអូស្ត្រាលី ផ្ដន្ទាទោសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ពាក់ព័ន្ធនឹងករណីឃាតកម្មលើជនរងគ្រោះឈ្មោះ Mark John Burnes។
ដើមឡើយ លោក Jing Kai ត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» ប៉ុន្តែរូបគេបានសារភាពកំហុសលើបទ «ឃាតកម្មដោយអចេតនា» បន្ទាប់ពីតំណាងអយ្យការបានយល់ព្រមបន្ថយទម្ងន់ទោស។
តុលាការ បានទទួលស្គាល់ថា ការសម្រេចចិត្តរបស់លោក Jing Kai គឺជា «ការសម្រេចចិត្តមួយពេលក្នុងពេលមានកំហឹង ប៉ុន្តែដោយសារតែលោក Jing Kai បានបើករថយន្តដេញតាម និងបុកកិនលើជនរងគ្រោះដែលជាចោរលួចកាតាបរបស់លោក ដែលជាភាគីទន់ខ្សោយជាងនៅលើកង់អគ្គិសនីនោះ គឺត្រូវចាត់ទុកថាជា ឃាតកម្មគិតទុកជាមុន។ ចៅក្រមបានបន្ថែមថា លោក Jing Kai គួរតែបញ្ឈប់រថយន្តភ្លាមៗ នៅពេលដែលដឹងថារថយន្តបានបុកជនរងគ្រោះនេះ នឹងមិនគួរកិនសម្លាប់រូបគេនោះទេ៕ អត្ថបទ៖ រិទ្ធី

