រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរខេត្តស្វាយរៀងបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជនជាតិចិន ២៦នាក់

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក ម៉ែន អេង អភិបាលរងខេត្ត បាននៅរសៀលថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ២កន្លែង នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងនគរបាលខេត្ត អភិបាលរងក្រុងបាវិត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ព្រមទាំងកម្លាំងជំនាញពាក់ព័ន្ធ។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក ម៉ែន អេង អភិបាលរងខេត្ត បាននៅរសៀលថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ២កន្លែង នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងនគរបាលខេត្ត អភិបាលរងក្រុងបាវិត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ព្រមទាំងកម្លាំងជំនាញពាក់ព័ន្ធ។ ការត្រួតពិនិត្យទីតាំងទាំងពីរបានរកឃើញជនជាតិចិនសរុប ២៦នាក់ និងជនជាតិខ្មែរចំនួន ២នាក់ ដែលជាបុគ្គលិកអនាម័យ ព្រមទាំងឧបករណ៍អេឡិចត្រូនិក និងសម្ភារៈជាច្រើន។

តាមលទ្ធផលត្រួតពិនិត្យ ទីតាំងទី១ ជាផ្ទះជួលរបស់ឈ្មោះ ឡាយ យូឡុង សមត្ថកិច្ចបានរកឃើញជនជាតិចិន ១៣នាក់ ភេទប្រុស និងដកហូតលិខិតឆ្លងដែន ១១ក្បាល កុំព្យូទ័រលើតុ ១គ្រឿង កុំព្យូទ័រយួរដៃ ១៥គ្រឿង ទូរសព្ទដៃចម្រុះ ៥គ្រឿង ទូរសព្ទផ្ទាល់ខ្លួន ១២គ្រឿង និងដុំ Wi-Fi ៥គ្រឿង។ ទីតាំងនេះត្រូវបានរៀបចំបិទបាំងក្រោមរូបភាពអាជីវកម្មផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយមានបន្ទប់សម្ងាត់ ផ្លូវចេញចូលតាមបន្ទប់ទឹក និងជណ្ដើរដែកសម្រាប់គេចខ្លួនតាមរបងខាងក្រោយ។ ចំណែកទីតាំងទី២ ស្ថិតនៅខាងក្រោយសាលាមត្តេយ្យរីករាយ សមត្ថកិច្ចបានរកឃើញជនជាតិចិន ១៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងជនជាតិខ្មែរ ២នាក់ ជាបុគ្គលិកអនាម័យ ព្រមទាំងដកហូតលិខិតឆ្លងដែន ២ក្បាល កុំព្យូទ័រលើតុ ១៣គ្រឿង ទូរសព្ទផ្ទាល់ខ្លួន ២០គ្រឿង ដុំ Wi-Fi ២គ្រឿង និងរថយន្តម៉ាក Range Rover ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BV-7172។ ទីតាំងនេះមានការបែងចែកជាផ្នែកសាលាមត្តេយ្យ បន្ទប់សណ្ឋាគារ និងអគារខាងក្រោយ ដោយមានជញ្ជាំងបិទបាំង និងច្រកសម្ងាត់តាមទូសម្លៀកបំពាក់ ព្រមទាំងរៀបចំតុផឹកតែជាប់របងសម្រាប់ប្រើជាមធ្យោបាយគេចខ្លួន។

ក្រោយការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិកដោយសមត្ថកិច្ចជំនាញ និងរកឃើញតម្រុយដែលអាចពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ក្រុមការងារចម្រុះបានប្រគល់មនុស្ស និងវត្ថុតាងទាំងអស់ទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តការស៊ើបអង្កេត និងចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះជាផ្នែកមួយនៃការចុះត្រួតពិនិត្យ និងបង្ក្រាបសកម្មភាពសង្ស័យបទល្មើសបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង៕ អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…