ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៉ូឡូញ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខេត្ត ជួបប្រជុំការងារជាមួយទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មប៉ូឡូញ (PAIH) នៅរដ្ឋធានីវ៉ាសូវី។ ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។


ក្នុងជំនួបដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់ជាយុទ្ធសាស្ត្រនេះ លោក ម៉ាង ស៊ីណេត បានបង្ហាញអំពីសក្តានុពលអភិវឌ្ឍសេដ្ឋកិច្ចដ៏សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងឱកាសវិនិយោគជាច្រើនរបស់ខេត្តព្រះសីហនុ។
លោកអភិបាលបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនរួចរាល់ ដើម្បីផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់ដល់វិនិយោគិនបរទេស។ ជាពិសេស លោកស្វាគមន៍វិនិយោគិនប៉ូឡូញដែលមានបំណងមកវិនិយោគ ប្រកបអាជីវកម្ម ឬពង្រីកប្រតិបត្តិការនៅខេត្តព្រះសីហនុ។



ជំនួបនេះត្រូវបានរំពឹងថានឹងក្លាយជាស្ពានសំខាន់សម្រាប់ទាក់ទាញវិនិយោគថ្មី និងពង្រឹងកិច្ចសហប្រតិបត្តិការ ដោយរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្តព្រះសីហនុនាពេលអនាគត។
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ។
