ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ Villa Vie Odyssey បានចាកចេញពីកម្ពុជាដោយរលូន និងសុវត្ថិភាព កាលពីយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការសម្របសម្រួល និងបដិសណ្ឋារកិច្ចយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។ ការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ ក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងវិស័យឯកជន សហការគ្នាយ៉ាងជិតស្និទ្ធក្នុងការផ្តល់សេវាស្នាក់នៅ ការធ្វើដំណើរ មគ្គុទ្ទេសក៍ទេសចរណ៍ និងសេវាចាំបាច់នានាដល់ភ្ញៀវទេសចរ នាវិក និងក្រុមការងាររបស់នាវា។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី៤ខែវិច្ឆកាឆ្នាំ២០២៦។


ក្រសួងទេសចរណ៍បានឲ្យដឹងទៀតថា៖ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ភ្ញៀវទេសចរអន្តរជាតិ និងក្រុមការងាររបស់នាវា បានបង្ហាញការពេញចិត្ត និងកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ ភាពរួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់របស់ប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ភ្ញៀវទេសចរមួយចំនួននៅតែបន្តស្នាក់នៅ និងធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍នានា រួមមាន ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកំពត ខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗទៀត។ ក្រសួងទេសចរណ៍បានចាត់ទុកការចូលចត និងការចាកចេញដោយសុវត្ថិភាពរបស់នាវានេះ ព្រមទាំងការបន្តស្នាក់នៅរបស់ភ្ញៀវអន្តរជាតិ ជាសក្ខីភាពបញ្ជាក់ពីសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ព្រមទាំងជាការបន្តកេរដំណែលមនុស្សធម៌ដែលបានបង្ហាញតាមរយៈការទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam កាលពីអតីតកាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។


ក្រសួងទេសចរណ៍បានបញ្ជាក់ពីការបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីសម្របសម្រួលការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិពីនាវា Villa Vie Odyssey ដែលកំពុងស្នាក់នៅកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងក៏បានថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធ បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ អ្នកផលិតមាតិកា Influencers, KOLs និងប្រជាពលរដ្ឋទាំងខ្មែរ និងបរទេស ដែលបានចូលរួមផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះបានរួមចំណែកពង្រឹងកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មនុស្សធម៌ និងបដិសណ្ឋារកិច្ចកក់ក្តៅ ដែលត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី៕ អត្ថបទដោយ៖ សុភ័ក្រ្ត


