ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេស បានណែនាំ និងដាស់តឿនឲ្យប្រជាពលរដ្ឋរៀបចំស្តុកទុកសម្ភារឧបភោគបរិភោគសម្រាប់រយៈពេល ៣ ថ្ងៃ សារព្រមានថ្មីមួយទៀតបានលេចរូបរាងឡើង ពីការគំរាមកំហែងដែលអាចបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស។
យោងតាមមជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណេតជាតិអង់គ្លេស បានបញ្ជាក់ថា ចក្រភពអង់គ្លេស ត្រូវតែត្រៀមលក្ខណៈទប់ទល់នឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ដែលកំណត់គោលដៅលើសេវាកម្មសំខាន់ៗរបស់រដ្ឋ ក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះ។
ការព្រមាននេះ ធ្វើឡើងចំពេលដែលមានប្រវត្តិនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតធំៗ ជាច្រើនលើកដែលកំណត់គោលដៅលើបណ្តាប្រទេស និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ក្នុងនោះរួមមាន៖
ឆ្នាំ ១៩៨៨៖ ដង្កូវកុំព្យូទ័រ Morris worm បានរីករាលដាលយ៉ាងទូលំទូលាយតាមបណ្តាញអ៊ីនធឺណិត។
ឆ្នាំ ២០១០៖ មេរោគកុំព្យូទ័រ Stuxnet ដែលត្រូវបានរាយការណ៍ថា ជាគម្រោងរួមរបស់អាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ឆ្នាំ ២០១៧៖ ការវាយប្រហារជម្រិតទារប្រាក់ WannaCry និងមេរោគ NotPetya បានវាយប្រហារលើមន្ទីរពេទ្យ ធនាគារ និងកំពង់ផែដឹកជញ្ជូននៅទូទាំងពិភពលោក។
ឆ្នាំ ២០២០៖ ការហែកទិន្នន័យខ្សែសង្វាក់ផ្គត់ផ្គង់ SolarWinds បានជ្រៀតចូលទៅក្នុងកម្មវិធី Orion របស់ក្រុមហ៊ុន ដោយអនុញ្ញាតឲ្យក្រុម Hacker ចូលទៅកាន់ភ្នាក់ងារសហព័ន្ធអាមេរិក និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។
ឆ្នាំ ២០២១៖ ការវាយប្រហារលើបណ្តាញបំពង់បង្ហូរប្រេង Colonial Pipeline ដោយក្រុម Hacker DarkSide បានបង្ខំឲ្យមានការបិទបណ្តាញបំពង់បង្ហូរប្រេងដ៏ធំរបស់អាមេរិក។
របាយការណ៍របស់មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណេតជាតិអង់គ្លេសនេះ ក៏ធ្វើឡើង បន្ទាប់ពីការវាយប្រហារពីក្រុម Hacker លើផ្សារទំនើបនានានៅទូទាំងអឺរ៉ុប៕ អត្ថបទ៖ រិទ្ធី

