រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកដំណើរម្នាក់លើនាវា Villa Vie Odyssey ចោទ Khaosod English ថាប្រើឈ្មោះនិងរូបភាពរបស់ខ្លួនដើម្បីផ្សព្វផ្សាយព័ត៌មានបំភាន់

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

អ្នកដំណើរ Randy Cassingham បានចោទ Khaosod English ថាប្រើឈ្មោះនិងរូបភាពរបស់លោកក្នុងការផ្សព្វផ្សាយព័ត៌មានដែលលោកថាមិនឆ្លុះបញ្ចាំងការពិត។ នាវា Villa Vie Odyssey បានចាកចេញពីកម្ពុជានៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Randy Cassingham ភ្ញៀវទេសចរម្នាក់ក្នុងចំណោមអ្នកដំណើរលើនាវា Villa Vie Odyssey បានបង្ហាញការខឹងសម្បារចំពោះការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោកដោយសារព័ត៌មាន Khaosod English របស់ថៃ ដោយអះអាងថា ការប្រើប្រាស់នេះមានគោលបំណងឃោសនាបំភាន់ និងមិនឆ្លុះបញ្ចាំងពីការពិត។ លោកបានលើកឡើងថា លោកមិនពេញចិត្តយ៉ាងខ្លាំងចំពោះការយកអត្តសញ្ញាណរបស់លោក និងការបំភ្លៃភាពស្អាតស្អំរបស់កម្ពុជាទៅប្រើប្រាស់ក្នុងបរិបទបែបនេះ ។ហើយចាត់ទុកទង្វើនេះថាជាការប្រព្រឹត្តដែលគួរឱ្យអាម៉ាស់។ ការបញ្ចេញប្រតិកម្មនេះកើតឡើងក្រោយមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពនាវា និងការជួយសម្រួលរបស់កម្ពុជាចំពោះអ្នកដំណើរ។


គួរបញ្ជាក់ថា ក្នុងអំឡុងពេលនាវា Villa Vie Odyssey ជួបប្រទះបញ្ហា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យនាវាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានចាត់តាំងស្ថាប័នពាក់ព័ន្ធសហការសម្របសម្រួលលើបញ្ហាឯកសារ ការស្នាក់នៅ និងការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ នាវិក និងក្រុមការងាររបស់នាវា។ ក្នុងអំឡុងពេលស្នាក់នៅ ប្រជាជនកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុបានផ្តល់ការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដែលតាមព័ត៌មានខាងលើ អ្នកដំណើរមួយចំនួនបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះទឹកចិត្តមនុស្សធម៌របស់កម្ពុជា។

ជាចុងក្រោយ នាវាទេសចរណ៍ Villa Vie Odyssey បានចាកចេញពីកម្ពុជាដោយរលូន និងសុវត្ថិភាព កាលពីយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។ ករណីនេះបានបង្ហាញពីកិច្ចសហការក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរអន្តរជាតិ និងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អ្នកដំណើរ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់បុគ្គលក្នុងការផ្សព្វផ្សាយព័ត៌មាន គួរតែមានការគោរពសិទ្ធិ និងរក្សាបរិបទនៃសក្ខីកម្មឱ្យបានត្រឹមត្រូវ។ អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…