ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងពេលព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។



ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល ថ្នាក់ដឹកនាំការទូតទាំងពីរបានផ្លាស់ប្តូរការសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបកន្លងមក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំ និងទូលំទូលាយបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ភាគីចិនចំពោះការបន្តគាំទ្រដល់ការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធី។ ឯកឧត្តមបានគូសបញ្ជាក់ថា ការរក្សាសន្តិភាពប្រកបដោយចីរភាពចាំបាច់ត្រូវឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ហើយព្រំដែនអន្តរជាតិមិនអាចត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីឡើយ៕ អត្ថបទដោយ៖ សុភ័ក្រ្ត


