អង្គការសិទ្ធិមនុស្សអន្តរជាតិបានចេញមុខចោទប្រកាន់ និងទម្លាយជាសាធារណៈថា អ៊ីស្រាអែលកំពុងបន្តរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរលើកុមារដែលបានបាត់បង់ដៃជើងនៅតំបន់ហ្គាហ្សា មិនឱ្យទទួលបានការព្យាបាលនៅបរទេសឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស អឺរ៉ូ-មេឌីទែរ៉ានេ បានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថា វិធានការរឹតបន្តឹងរបស់អ៊ីស្រាអែលលើការធ្វើដំណើរ រួមទាំងប្រតិបត្តិការវេជ្ជសាស្ត្រ កំពុងរារាំងកុមាររាប់រយនាក់ពីការទទួលបានសេវាថែទាំសុខភាព និងការដំឡើងសរីរាង្គសិប្បនិម្មិត នៅក្រៅស្រុក។
ផ្អែកតាមទិន្នន័យពីអង្គការ អឺរ៉ូ-មេឌីទែរ៉ានេ កុមារយ៉ាងហោចណាស់ ១១៣៤ នាក់ នៅក្នុងតំបន់ហ្គាហ្សា ត្រូវបានកាត់ដៃ ឬកាត់ជើង ដោយសារផលប៉ះពាល់នៃការវាយប្រហារតាមអាកាស និងសង្គ្រាមពីសំណាក់កងទ័ពអ៊ីស្រាអែល។ តែទោះជាយ៉ាងណា មានភាគរយកុមារតិចតួចបំផុតដែលទទួលបានការព្យាបាលវេជ្ជសាស្ត្រ និងការរ៉ាប់រងរយៈពេលវែង ខណៈដែលអង្គការសុខភាពពិភពលោក បានវាយតម្លៃថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦ មានជនពិការដាច់អវយវៈ ទាំងកុមារ និងមនុស្សពេញវ័យ ប្រមាណ ២៣០០ នាក់ ត្រូវបានវាយតម្លៃ ប៉ុន្តែមានត្រឹមតែ ៥០០ នាក់ប៉ុណ្ណោះ ពោល គឺតិចជាង ២៥% ដែលទទួលបានសរីរាង្គសិប្បនិម្មិត៕ អត្ថបទ៖ រិទ្ធី

