ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរដ្ឋធានីប្រាហ្គ សាធារណរដ្ឋឆែក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយលោកស្រី Jolanta Zavadilová សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DERTOUR GROUP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសតំបន់អឺរ៉ុប។
ក្នុងជំនួបនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកសំណើឱ្យក្រុមហ៊ុនពង្រីកការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរពីប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងបណ្តាប្រទេសអឺរ៉ុបខាងកើត ព្រមទាំងផ្តោតលើទីផ្សារទេសចរណ៍កីឡា និងទេសចរណ៍សុខភាព។ ជាការឆ្លើយតប លោកស្រី Jolanta Zavadilová បានបង្ហាញការគាំទ្រ និងជំនឿលើសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ដោយប្តេជ្ញានាំយកសំណើនេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីស្វែងរកលទ្ធភាពពង្រឹងភាពជាដៃគូ និងពង្រីកទីផ្សារទេសចរណ៍ ជាពិសេសនៅខេត្តព្រះសីហនុ និងកោះរ៉ុង។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តសហការជាមួយម្ចាស់សណ្ឋាគារ និងរីសតនានា ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម សម្រួលដល់ការស្នាក់នៅ និងការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលដៅបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ខេត្តព្រះសីហនុ និងកោះរ៉ុង ព្រមទាំងបង្កើតឱកាសថ្មីៗក្នុងការទាក់ទាញភ្ញៀវទេសចរពីទីផ្សារអឺរ៉ុបមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើង។
DERTOUR GROUP គឺជាក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍អន្តរជាតិដ៏ធំមួយរបស់អឺរ៉ុប ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងខឹឡូន (Cologne) ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះជាផ្នែកអាជីវកម្មទេសចរណ៍ និងការធ្វើដំណើររបស់ REWE Group ដែលជាសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មធំមួយនៅអឺរ៉ុប៕ ដោយ៖ សុភ័ក្រ្ត


