រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មហាស្ថាបត្យកម្មកណ្ដាលទឹក «ប្រាសាទមេបុណ្យខាងលិច» លេចត្រដែតសាជាថ្មី ក្រោយបញ្ចប់ការជួសជុល១៤ឆ្នាំ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ប្រាសាទមេបុណ្យខាងលិច បានបញ្ចប់ការជួសជុលក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ក្រោយចំណាយពេល១៤ឆ្នាំ និងថវិកាប្រមាណ១២លានដុល្លារ។ ពិធីសម្ពោធគ្រោងធ្វើនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ប្រាសាទមេបុណ្យខាងលិច ដែលជាបេតិកភណ្ឌដ៏អស្ចារ្យកណ្ដាលបារាយណ៍ទឹកថ្លា ក្នុងខេត្តសៀមរាប បានលេចរូបរាងឡើងវិញយ៉ាងស្រស់ស្អាត បន្ទាប់ពីគម្រោងជួសជុលទ្រង់ទ្រាយធំក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង បានបញ្ចប់ជាស្ថាពរ ក្រោយចំណាយពេល១៤ឆ្នាំ និងថវិកាប្រមាណ ១២លានដុល្លារ។

យោងតាមឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា តាមរយៈបច្ចេកទេសជួសជុលដ៏លំបាក ដូចជាការសិក្សាឯកសារ ការស្វែងរកថ្មដើមមកបំពេញ ការដឹកជញ្ជូនសម្ភារៈធំៗតាមទូក និងការគ្រប់គ្រងទឹកក្នុងរដូវវស្សា ធ្វើឱ្យកំពែង និងតួប្រាង្គប្រាសាទនេះ អាចឈររឹងមាំបានយ៉ាងតិចពី ៥០ ទៅ ១៥០ឆ្នាំ ឬលើសពីនេះ ប្រសិនបើមានការថែទាំជាប្រចាំ។

ប្រាសាទមេបុណ្យខាងលិច កសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ដែលល្បីល្បាញដោយសាររូបសំណាក «ព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ» ដ៏អស្ចារ្យនៅចំកណ្ដាល។
ជាកិច្ចស្វាគមន៍នៃសមិទ្ធផលដ៏ធំធេងនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង គ្រោងនឹងយាង និងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ បន្ទាប់ពីពិធីបិទកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…