ប៉ូលិសទីក្រុងការ៉ាឈី បានបាញ់សម្លាប់ជនសង្ស័យជាឧក្រិដ្ឋជនតាមដងផ្លូវជិត ២០០ នាក់ នៅក្នុងករណីប៉ះទង្គិចគ្នា ក្នុងរយៈពេលត្រឹមតែ ១០ ខែដំបូងឆ្នាំ ២០២៦ នេះ នេះបើយោងតាមការប្រកាសពីគណៈកម្មាធិការសិទ្ធិមនុស្សប៉ាគីស្តង់ ខណៈដែលតួលេខនេះ តំណាងឱ្យការកើនឡើងរហូតដល់ ៨០% បើធៀបនឹងជនសង្ស័យចំនួន ១០៩ នាក់ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមកាសែត Dawn បានបង្ហាញថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៥ ខែតុលា ប៉ូលិសទីក្រុងការ៉ាឈីបានសម្លាប់ជនសង្ស័យចំនួន ១៩៧ នាក់ ក្នុងការប្រឈមមុខដាក់គ្នា ឬប៉ះទង្គិចគ្នាចំនួន ១៤៣៧ លើក។ មិនតែប៉ុណ្ណោះ ជនសង្ស័យចំនួន ១៤២៦ នាក់ផ្សេងទៀតក៏បានរងរបួស ដែលតំណាងឱ្យការកើនឡើង ៦៨% បើធៀបនឹងជនសង្ស័យចំនួន ៨៤៩ នាក់ដែលបានរងរបួសក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំ ២០២៥។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សប្រទេសប៉ាគីស្ថាន បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការកើនឡើងនូវចំនួនអ្នកស្លាប់ ដោយបានពិពណ៌នាការស្លាប់ក្នុងអំឡុងពេលប៉ះទង្គិចជាមួយប៉ូលិស ថាជា «ការសម្លាប់ក្រៅប្រព័ន្ធតុលាការ»។ លោក បានអះអាងថា វាពិតជាចាំបាច់ណាស់នូវការអនុវត្តច្បាប់ដោយវិជ្ជាជីវៈ ការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រ និងការកែទម្រង់ប្រព័ន្ធតុលាការ ដើម្បីកែលម្អសន្តិសុខសាធារណៈ ជាជាងការប្រើប្រាស់វិធានការសម្លាប់ជនសង្ស័យចោលនេះ៕
អត្ថបទ៖ រិទ្ធី

