នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចលើកទី១ ឆ្នាំ២០២៦ ដែលជាការចាប់ផ្ដើមដំណាក់កាលហ្វឹកហ្វឺននៃការអនុវត្តកាតព្វកិច្ចយោធារបស់ពលរដ្ឋចាប់ពីឆ្នាំ២០២៦។ ពិធីនេះបានធ្វើឡើងនៅសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីសម្របសម្រួលការអនុវត្តប្រព័ន្ធនេះ។ ក្នុងរយៈពេលជិត៣ខែកន្លងមក ស្ថាប័នពាក់ព័ន្ធបានបញ្ចប់ការងារត្រៀមជាច្រើន រួមមានការចុះបញ្ជីកាតព្វកិច្ចយោធា ការប្រមូលទិន្នន័យបុគ្គល ការត្រួតពិនិត្យសាលាហ្វឹកហ្វឺន ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងការផ្សព្វផ្សាយ។
យោងតាមតួលេខដែលបានលើកឡើង មានពលរដ្ឋស្ម័គ្រចិត្តចុះឈ្មោះសរុប១៤,៦៤៦នាក់ ក្នុងនោះមានស្ត្រី២,៤១៧នាក់។ ដោយផ្អែកលើតម្រូវការការពារជាតិ រាជរដ្ឋាភិបាលបានអនុម័តជ្រើសរើសយោធិនកាតព្វកិច្ចភេទប្រុសចំនួន១០,០០០នាក់ សម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជាពីរវគ្គ ក្នុងមួយវគ្គ៥,០០០នាក់ ហើយរៀបចំឱ្យហ្វឹកហ្វឺននៅសាលាចំនួន៨ទូទាំងប្រទេស។
យុវជន៥,០០០នាក់ដំបូងបានប្រមូលផ្ដុំរួចរាល់កាលពីថ្ងៃទី៤ ខែវិច្ឆិកា និងបានទទួលការពិនិត្យសុខភាពនិងកាយសម្បទា។ រាជរដ្ឋាភិបាលក៏បានផ្ដល់អង្ករចំនួន១១៤តោន សម្រាប់ធានាអាហារនិងអាហារូបត្ថម្ភដល់យុវជនទាំងនោះ ព្រមទាំងបានចែកសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនចំនួន១៤មុខ រួមមានឯកសណ្ឋានប្រយុទ្ធ សម្លៀកបំពាក់កីឡា ស្បែកជើង មុង និងគ្រឿងដំណេក។
តាមការរៀបចំ វគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចឆ្នាំ២០២៦ មានរយៈពេល៣ខែ សរុប៩១ថ្ងៃ ដោយហ្វឹកហ្វឺន៦ថ្ងៃក្នុងមួយសប្ដាហ៍ និង៧ម៉ោងក្នុងមួយថ្ងៃ។ បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺន យុវជនទាំងនោះនឹងត្រូវបែងចែកទៅអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមបំពេញភារកិច្ចជាក់ស្ដែង។
បច្ចុប្បន្ន សាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានការពារកោះឆ្នេរបានត្រៀមរួចរាល់សម្រាប់ទទួលយោធិនកាតព្វកិច្ចចំនួន១,៥០០នាក់ ដោយមានអគារស្នាក់នៅ អាហារដ្ឋាន បន្ទប់រៀន និងហេដ្ឋារចនាសម្ព័ន្ធហ្វឹកហ្វឺនពាក់ព័ន្ធ។
ការចាប់ផ្ដើមវគ្គហ្វឹកហ្វឺននេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការអនុវត្តប្រព័ន្ធកាតព្វកិច្ចយោធារបស់កម្ពុជា។ ការជ្រើសរើសនិងការហ្វឹកហ្វឺនជាបន្តបន្ទាប់ នឹងត្រូវសម្របសម្រួលដោយគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។

