បន្ទាប់ពីវិបត្តិធនាគារ និងភាពចលាចលផ្នែកហិរញ្ញវត្ថុបានផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសប៉ារ៉ាហ្គាយ លោកប្រធានាធិបតីថ្មី Pedro Alliana បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យរដ្ឋមន្ត្រីទាំងអស់លាលែងពីតំណែងជាបន្ទាន់ ដើម្បីរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលឡើងវិញ។
វិបត្តិធនាគារដ៏ធ្ងន់ធ្ងរនេះបាន បង្កឱ្យមានការបិទខ្ទប់ប្រជាជនរាប់លាននាក់ មិនឱ្យដកប្រាក់ពីគណនីធនាគាររបស់ខ្លួនបាន ដែលជំរុញឱ្យធនាគារកណ្តាលនៃប្រទេសប៉ារ៉ាហ្គាយសម្រេចចិត្តចូលកាន់កាប់ប្រតិបត្តិការរបស់ ធនាគារ Ueno ជាបន្ទាន់។ វិបត្តិនេះ កើតឡើងក្រោយពេលដែលអតីតលោកប្រធានាធិបតី លោក Santiago Peña ត្រូវសមាជិកព្រឹទ្ធសភាបោះឆ្នោតទម្លាក់ចេញពីតំណែង ជុំវិញការពាក់ព័ន្ធយ៉ាងជិតស្និទ្ធរវាងរូបលោកផ្ទាល់ និងការដួលរលំក្ស័យធុនរបស់ធនាគារ Ueno។ ហើយដើម្បីទប់ស្កាត់កំហឹងសាធារណជន និងស្ថិរភាពសេដ្ឋកិច្ច ធនាគារកណ្តាលបានចាប់ផ្តើមសងប្រាក់បញ្ញើជូនប្រជាពលរដ្ឋវិញតាមរយៈមូលនិធិធានា (Guarantee Fund) ដោយគិតត្រឹមចុងសប្តាហ៍ទី១ នៃខែវិច្ឆិកានេះ ធនាគារបានប្រគល់ប្រាក់ជិត ១៦០ លានដុល្លារ ជូនដល់ប្រជាពលរដ្ឋប្រមាណ ១,២ លាននាក់វិញ។
គួរបញ្ជាក់ផងដែរថា អតីតប្រធានាធិបតីប្រទេសប៉ារ៉ាហ្គាយ លោក Santiago Peña ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ ២០២៣ ត្រូវបានចោទប្រកាន់ថា បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនមេរបស់ធនាគារ Ueno មុនពេលលក់ចេញកាលពីឆ្នាំមុន។ លើសពីនេះ លោកក៏ត្រូវបានសង្ស័យថាបានប្រើប្រាស់ឥទ្ធិពលនយោបាយ ដើម្បីបង្វែរប្រាក់បញ្ញើរបស់រដ្ឋរាប់លានដុល្លារទៅកាន់ធនាគារនេះ និងព្យាយាមលាក់បាំងព័ត៌មានអំពីវិបត្តិហិរញ្ញវត្ថុ ទោះបីជាមានការព្រមានជាច្រើនលើកពីបញ្ហាសាច់ប្រាក់ និងកម្ចីគួរឱ្យសង្ស័យក៏ដោយ៕ អត្ថបទ៖ រិទ្ធី

