អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅតែបន្តជាបញ្ហាចម្បងដ៏ធ្ងន់ធ្ងរ ដែលកំពុងកើតមានក្នុងប្រទេសប៉ាគីស្ថាន ដោយប្រទេសនេះបានរាយការណ៍ពីករណីឃាតកម្មជាង ១៣០០ ករណី ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារក្នុងរយៈពេលត្រឹមតែមួយឆ្នាំកន្លងទៅនេះ។
ជាក់ស្តែង ករណីឃាតកម្មលើពិធីការិនីព័ត៌មានទូរទស្សន៍ក្នុងប្រទេសប៉ាគីស្ថាន លោកស្រី Rabia Ahsan (រ៉ាប៊ីយ៉ា អាសាន) បានបង្កឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំងទូទាំងប្រទេស។ លោកស្រី អាសាន ដែលជាអ្នកអធិប្បាយកម្មវិធីព្រឹត្តិការណ៍ព័ត៌មានបច្ចុប្បន្ន នៅលើកញ្ចក់ទូរទស្សន៍ឯកជនមួយក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានប្រទះឃើញស្លាប់នៅក្នុងគេហដ្ឋានរបស់ខ្លួនក្នុងទីក្រុង រ៉ាវ៉ាល់ពីនឌី (Rawalpindi) ដោយសារគ្រាប់កាំភ្លើង ហើយភ្លាមៗនោះ ស្វាមីរបស់លោកស្រីត្រូវបានចាប់ខ្លួន ពាក់ពន្ធ័នឹងករណីបាញ់សម្លាប់ភរិយារបស់ខ្លួន បើទោះបីជាលោក បានប្រកែកថាជាអំពើអចេតនាក៏ដោយ។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលស្ត្រីអ្នកសារព័ត៌មាននៅក្នុងប្រទេសប៉ាគីស្ថានបានក្លាយជាជនរងគ្រោះនៃអំពើហិង្សាពីដៃគូស្នេហា ឬស្វាមី ដែលឆ្លុះបញ្ចាំងពីការរំលោភបំពានពីសំណាក់ដៃគូបច្ចុប្បន្ន ឬអតីត ខណៈដែលកាលពីឆ្នាំ ២០១៩ អ្នកយកព័ត៌មានស្ត្រីវ័យក្មេងម្នាក់ ឈ្មោះ Arooj Iqbal ក៏ត្រូវបានសម្លាប់ ដោយអតីតស្វាមីរបស់ខ្លួន និងកាលពីឆ្នាំ ២០២០ អ្នកសារព័ត៌មានមកពីខេត្តបាឡូជីស្ថាន លោកស្រី សាហ៊ីណា សាហ៊ីន (Shaheena Shaheen) ដែលជាពិធីការិនីកម្មវិធីពិភាក្សានៅទូរទស្សន៍ជាតិប៉ាគីស្ថាន ក៏ត្រូវបានគេបាញ់សម្លាប់នៅក្នុងផ្ទះរបស់ខ្លួន៕ អត្ថបទ៖ រិទ្ធី

