រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការបម្រើយោធាមិនមែនជាបន្ទុកទេ ប៉ុន្តែជាកិត្តិយស ខណៈយុវជនកម្ពុជាឈានដល់ពេលវេលាជាប្រវត្តិសាស្ត្រ

អានអត្ថបទដើម

សេចក្តីសង្ខេប

ចុចតំណភ្ជាប់ ដើម្បីអានអត្ថបទទាំងស្រុង។

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធាកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនការពារឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ ដែលជាការចាប់ផ្ដើមអនុវត្តការហ្វឹកហ្វឺនយោធាកាតព្វកិច្ចជាផ្លូវការលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា។

សម្ដេចធិបតីបានមានប្រសាសន៍ថា ការកំណត់ថ្ងៃបើកវគ្គនៅថ្ងៃទី៩ ខែវិច្ឆិកា មានអត្ថន័យពិសេស ព្រោះថ្ងៃនេះជាទិវាបុណ្យឯករាជ្យជាតិកម្ពុជា និងជាថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ទ។ ការអនុវត្តរបបយោធាកាតព្វកិច្ច គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងធនធានមនុស្សសម្រាប់វិស័យការពារជាតិ ដោយមានបំណងបណ្ដុះស្មារតីស្នេហាជាតិ វិន័យ និងការទទួលខុសត្រូវដល់យុវជន តាមរយៈការហ្វឹកហ្វឺនយោធា។

សម្ដេចធិបតីបានបញ្ជាក់ថា រយៈពេលបម្រើយោធា២៤ខែ នឹងផ្ដល់អត្ថប្រយោជន៍ប្រាំយ៉ាងដល់យុវជន រួមមាន ឱកាសបម្រើជាតិ ការទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការលើកកម្ពស់វិន័យនិងសមត្ថភាពដឹកនាំ ការទទួលបានការធានាការងារដែលមានស្ថិរភាព និងការបញ្ចូលក្នុងបញ្ជីកងទ័ពបម្រុងរហូតដល់អាយុ៤៥ឆ្នាំ។ អ្នកដែលមានលទ្ធផលល្អប្រសើរ ក៏អាចត្រូវបានផ្ដល់អាទិភាពក្នុងការពិចារណាឱ្យក្លាយជាយោធិនអាជីពនាពេលអនាគតផងដែរ។

សម្ដេចបានសង្កត់ធ្ងន់ថា ការបម្រើយោធាជាកិត្តិយស មិនមែនជាបន្ទុកទេ ហើយមិនគួរចាត់ទុកត្រឹមតែជាការចំណាយផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគសម្រាប់បុគ្គល ក្រុមគ្រួសារ និងប្រទេសជាតិ។ ទោះបីជាជីវិតក្នុងបន្ទាយមានភាពលំបាកក៏ដោយ ក៏វាអាចជួយពង្រឹងកាយសម្បទា ស្មារតី និងឆន្ទៈរបស់សិក្ខាកាមបាន។

ជាចុងក្រោយ សម្ដេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍរបស់យោធិនកាតព្វកិច្ច ទាំងក្នុងអំឡុងពេលបម្រើយោធា និងក្រោយពេលចេញពីបម្រើយោធា។ សម្ដេចបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់គោរពវិន័យឱ្យបានម៉ឺងម៉ាត់ ខិតខំក្លាយជាពលរដ្ឋនិងយោធិនល្អ ហើយត្រៀមខ្លួនជានិច្ចដើម្បីរួមចំណែកដល់ជាតិ។ សម្ដេចក៏បានសង្កត់ធ្ងន់ថា យុវជនខ្លាំង កងទ័ពខ្លាំង នឹងធ្វើឱ្យប្រទេសជាតិកាន់តែរឹងមាំ។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…