ដើម្បីលើកកម្ពស់កិត្យានុភាពទេសចរណ៍ និងធានាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរជូនភ្ញៀវទេសចរអន្តរជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានចុះប្រតិបត្តិការផ្ទាល់ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ជូនភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលបានអញ្ជើញមកទស្សនាកម្សាន្តក្នុងខេត្តព្រះសីហនុ ក្រោយពេលនាវាទេសចរណ៍អន្តរជាតិខ្នាតយក្សឈ្មោះ Viking Orion បានចូលចតជាផ្លូវការនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ។
យោងតាមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញចុះប្រចាំការយ៉ាងសកម្មនៅតាមគោលដៅសំខាន់ៗ ដូចជាបរិវេណផ្សារលើក្រុងព្រះសីហនុ មុខវេទិកា និងធ្វើការល្បាតចល័តតាមដងផ្លូវសាធារណៈ ដើម្បីសម្រួលចរាចរណ៍ ការពារសុវត្ថិភាព និងបង្កើតភាពកក់ក្តៅដល់ភ្ញៀវទេសចរបរទេស។
សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នេះ មិនត្រឹមតែជួយការពារសន្តិសុខផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិជូនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ហាញពីមុខមាត់ និងកម្រិតវប្បធម៌នៃការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកលេងកម្សាន្តខេត្តព្រះសីហនុឱ្យកាន់តែច្រើនឡើងថែមទៀត៕ ដោយ៖ ប៉ៃ សុឃីម













