ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានជាបន្តបន្ទាប់ចំនួន ០៣ករណី គិតចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។



ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ០៩នាក់ (រួមមានជនជាតិខ្មែរ និងចិន) ពាក់ព័ន្ធនឹងបទល្មើសក្នុងករណីអំពើលួច (០២ករណី) លួចម៉ូតូសណ្តោងរ៉ឺម៉ក និងសម្ភារ ព្រមទាំងករណីលួចធុងហ្គាសម៉ាស៊ីនត្រជាក់។
ករណីចាប់ បង្ខាំង និងជម្រិតទារប្រាក់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ (០១ករណី) សមត្ថកិច្ចបានរំដោះជនរងគ្រោះជនជាតិចិនម្នាក់ដោយសុវត្ថិភាព ដកហូតប្រាក់ ៥០០ដុល្លារអាម៉េរិក និងទូរស័ព្ទដៃមួយចំនួន។សម្រាប់វត្ថុតាងដែលដកហូតបានសរុបរួមមាន ម៉ូតូសណ្តោងរ៉ឺម៉ក ធុងហ្គាសម៉ាស៊ីនត្រជាក់ ឧបករណ៍ជាង ទូរស័ព្ទដៃជាច្រើនគ្រឿង អាវុធខ្លី ០១ដើម (គ្រាប់ ៩មីលីម៉ែត្រ ចំនួន ០៧គ្រាប់) រថយន្ត ០១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

ដោយឡែក ក្នុងចំណោមមនុស្ស ១៤នាក់ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីចាប់បង្ខាំងជំរិតទារប្រាក់ ក្រោយការសាកសួរយ៉ាងយកចិត្តទុកដាក់ រកឃើញជនសង្ស័យមានជាប់ពាក់ព័ន្ធចំនួន ០៦នាក់ ឯមនុស្ស ០៨នាក់ទៀត ពុំមានតម្រុយពាក់ព័ន្ធ ត្រូវបានធ្វើការអប់រំ ធ្វើកិច្ចសន្យា និងមានអ្នកធានាឱ្យត្រឡប់ទៅផ្ទះវិញ ដោយមានការឯកភាពពីឯកឧត្តម ស្នងការ និងឯកឧត្តម ព្រះរាជអាជ្ញ អមសាលាដំបូងខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៩នាក់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈស្នងការដ្ឋាននគរបាលខេត្ត ប្តេជ្ញាបន្តពង្រឹងការល្បាត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យកាន់តែសកម្មបន្ថែមទៀត៕ ដោយ៖ ប៉ៃ សុឃីម


