ធនាគារកណ្តាលសិង្ហបុរី (MAS) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទុកមាស សម្រាប់ធនាគារកណ្តាលនានា ដោយមានសមត្ថភាពអាចផ្ទុកមាសបានរហូតដល់ទៅ ៥០០ តោន។ធនាគារកណ្តាលសិង្ហបុរី បានប្រកាសថា មាស នឹងត្រូវរក្សាទុកនៅក្នុងឃ្លាំងប្រាក់រតនាគារជាតិរបស់សិង្ហបុរី ដែលអាចផ្ទុកបានរហូតដល់ទៅ ៥០០ តោន ព្រមទាំងមានទំហំសម្រាប់ពង្រីកបន្ថែមនៅពេលដែលតម្រូវការកើនឡើង ខណៈដែលសេវាទុកមាសនេះ មានគោលបំណងផ្តល់ជូនធនាគារកណ្តាលបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ នូវជម្រើសដ៏មានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកទុនបម្រុងមាសរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។
យោងតាមក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) តម្រូវការមាសសកល បានកើនលើសពី ៥០០០ តោនក្នុងឆ្នាំ ២០២៥ ដោយឈានដល់កំណត់ត្រាគិតជាទឹកប្រាក់ចំនួន ៥៥៥ ពាន់លានដុល្លារ ក្នុងនោះតំបន់អាស៊ីមានចំនួនច្រើនជាងពាក់កណ្តាលនៃការវិនិយោគលើដុំមាស និងកាក់មាស ក៏ដូចជាតម្រូវការគ្រឿងអលង្ការផងដែរ៕ អត្ថបទ៖ រិទ្ធី

