នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្ដៅ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជូនភ្ញៀវទេសចរអន្តរជាតិ ដែលមកដល់ខេត្តព្រះសីហនុ តាមនាវាទេសចរណ៍ខ្នាតធំ Viking Orion។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងក្រុងព្រះសីហនុ អភិបាលរងក្រុងកំពង់សោម ព្រមទាំងតំណាងមន្ទីរ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្ត។


នាវា Viking Orion ដែលដោតទង់ជាតិន័រវែស បានដឹកភ្ញៀវទេសចរអន្តរជាតិចំនួន៨៨៨នាក់ ក្នុងនោះមានស្ត្រី៤៧០នាក់ មកពី១៤ប្រទេស និងនាវិក៤៦៥នាក់ ក្នុងនោះមានស្ត្រី១១១នាក់ មកពី៣៤ប្រទេស។ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ភ្ញៀវជនជាតិអាមេរិកមានចំនួនច្រើនជាងគេ គឺ៧៣៦នាក់។
នាវានេះមានប្រវែង២២៨,៣០ម៉ែត្រ និងទទឹង២៨,៨០ម៉ែត្រ ដោយចេញដំណើរពីប្រទេសវៀតណាមមកដល់កម្ពុជា ហើយនឹងបន្តដំណើរទៅប្រទេសថៃ។
ក្នុងកម្មវិធីទទួលស្វាគមន៍នេះ រដ្ឋបាលខេត្តព្រះសីហនុ បានផ្ដល់ជូនភ្ញៀវទេសចរម្នាក់ៗនូវក្រមាខ្មែរមួយ ជាវត្ថុអនុស្សាវរីយ៍ ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។ ព្រមទាំងមានការសម្ដែងរបាំជូនពរប្រពៃណី ដើម្បីបង្ហាញពីសិល្បៈ វប្បធម៌កម្ពុជា និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ និងរួសរាយរបស់ប្រជាជនកម្ពុជា។


ក្រោយពេលចុះពីនាវា ភ្ញៀវទេសចរបានបែងចែកជាក្រុម ដើម្បីទស្សនាតំបន់ទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ រួមទាំងតំបន់ឆ្នេរសមុទ្រធម្មជាតិ និងតំបន់ទេសចរណ៍វប្បធម៌។
ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តបន្តពង្រឹងការធានាសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមតំបន់ទេសចរណ៍នានា ដើម្បីឱ្យភ្ញៀវទេសចរទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ បរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបទពិសោធន៍ល្អ ក្នុងអំឡុងពេលស្នាក់នៅ និងទស្សនាកម្សាន្តក្នុងខេត្តព្រះសីហនុ។
កម្មវិធីនេះបានបង្ហាញពីសក្ដានុពលនៃការអភិវឌ្ឍទេសចរណ៍ និងមុខមាត់ដ៏ល្អរបស់កម្ពុជា ដែលជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន ឱ្យមកទស្សនា និងស្វែងយល់កាន់តែស៊ីជម្រៅអំពីធនធានធម្មជាតិដ៏សម្បូរបែប វប្បធម៌ជាតិ និងអរិយធម៌ខ្មែរ។
